ការប្រកាសតាមរបប ២ ឆ្នាំ៖ សំណុំឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ១៧,៣៧៨ ច្បាប់ ដែល អ.ប.ព. ទទួលបាន « ក្រោមកិច្ចសហការល្អពីក្រសួង-ស្ថាប័ន រាជធានី-ខេត្ត» ខណ: ក្រសួងផែនការ បញ្ចប់ការប្រកាស ១០០ %

ប្រភព : អ.ប.ព

(អ.ប.ព. ២១/០១/២០២៦) ៖ ឯកឧត្ដម ខូយ លឹមហុង ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកការងារសវនកម្ម និងការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលចាប់ដំណើរការចាប់ពីថ្ងៃទី១-២១ ខែមករា ឆ្នាំ២០២៦។

ឯកឧត្ដម ខូយ លឹមហុង បានឱ្យដឹងថា ក្រោមកិច្ចសហការល្អពីក្រុមជនបង្គោលតាមក្រសួង-ស្ថាប័ន រាជធានី-ខេត្ត នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៦ មកទល់ពេលនេះ ក្រសួង-ស្ថាប័ន ចំនួន ០៧ និងខេត្តចំនួន ១៤ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ១០០ %។ បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដម ខូយ លឹមហុង បានចុះពិនិត្យមើលការងារជាក់ស្តែង និងដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងក្រុមការងារវេនប្រចាំការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលផងដែរ។

ដោយឡែកតាមការឱ្យដឹងពី លោកស្រី សរ ចាន់តារ៉ា  ប្រធានក្រុមការងារទទួលវេនប្រចាំការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៦ បានឲ្យដឹងថា កាលពីម្សិលមិញ ក្រសួងផែនការ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងស្រុង ១០០% ហើយគិតត្រឹមម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសពីអ្នកជាប់កាតព្វកិច្ចនៅទូទាំងប្រទេសចំនួន ១៧,៣៧៨ រូប ស្មើនឹង ៨៧,៣៨% នៃចំនួនត្រូវប្រកាសសរុប ១៩,៨៨៧ រូប។

សម្រាប់ ទម្រង់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អ្នកជាប់កាតព្វកិច្ចអាចទាញយកបានតាមគេហទំព័ររបស់ អង្គភាពប្រឆាំងអំពើពុករលួយ (www.acu.gov.kh) ឬអញ្ជើញមកយកដោយផ្ទាល់នៅអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអាចស្កេន QR Code ដែលបានបង្ហោះផ្សាយនៅផេកហ្វេសប៊ុក Anti-Corruption Unit។






Powered by Blogger.