អឺរ៉ុបបញ្ជូនម៉ាស៊ីនភ្លើងបន្ទាន់រាប់រយគ្រឿងទៅជួយអ៊ុយក្រែន ចំពេលអាកាសធាតុត្រជាក់ខ្លាំង
ប៉ារីស៖ សហភាពអឺរ៉ុប (EU) បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងដាក់ពង្រាយម៉ាស៊ីនភ្លើងសង្គ្រោះបន្ទាន់ចំនួន ៤៤៧គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីបានធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនី និងប្រព័ន្ធកម្តៅប្រើប្រាស់ចំពេលអាកាសធាតុត្រជាក់ខ្លាំង។
គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា
ម៉ាស៊ីនភ្លើងដែលមានតម្លៃសរុប ៣.៧លានអឺរ៉ូ (ប្រហែល ៤.៣លានដុល្លារ)
នឹងត្រូវបញ្ជូនពីឃ្លាំងបម្រុងយុទ្ធសាស្ត្រនៅក្នុងប្រទេសប៉ូឡូញ
ដើម្បីស្តារថាមពលសម្រាប់មន្ទីរពេទ្យ ជម្រក និងសេវាកម្មសំខាន់ៗ។
អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា «យើងនឹងមិនបណ្តោយឱ្យរុស្ស៊ីធ្វើឱ្យអ៊ុយក្រែនកកនោះទេ»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសបារាំង លោក
ហ្សង់-ណូអែល បារ៉ូ (Jean-Noel Barrot) បានប្រកាសថា
បារាំងនឹងរៀបចំកិច្ចប្រជុំបន្ទាន់តាមទូរស័ព្ទជាមួយប្រទេស G7 រួមទាំងរដ្ឋនៅតំបន់ Nordic និង Baltic ដើម្បីសម្របសម្រួលការគាំទ្រដល់បណ្តាញអគ្គិសនីអ៊ុយក្រែន។ លោកបានសន្យាថា
បារាំងនឹងផ្គត់ផ្គង់អគ្គិសនីបន្ថែម ១៣មេហ្គាវ៉ាត់ និងម៉ាស៊ីនភ្លើងប្រហែល ១០០គ្រឿង
ដើម្បីជំនួសហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញ៕ (Reuters)

Post a Comment