ត្រាំ អះអាងថា កងនាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បានឱ្យដឹងថាកងនាវាចម្បាំងមួយក្រុមរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់ អ៊ីរ៉ង់ ប៉ុន្តែសង្ឃឹមថាលោកនឹងមិនមានភាពចាំបាច់ប្រើប្រាស់នាវាចម្បាំងទាំងនោះទេ ខណៈបានបញ្ជូនសារព្រមានជាថ្មីកុំឱ្យទីក្រុងតេហរ៉ង់កាប់សម្លាប់បាតុករ ឬចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វ៊ីស លោក ត្រាំ បានលើកឡើងថា «យើងមាននាវាចម្បាំងជាច្រើនគ្រឿងកំពុងធ្វើដំណើរក្នុងទិសដៅនោះ (ឆ្ពោះទៅកាន់អ៊ីរ៉ង់)...ខ្ញុំសង្ឃឹមថានឹងមិនមានរឿងអ្វីកើតឡើង តែយើងកំពុងឃ្លាំមើលពួកគេ (អ៊ីរ៉ង់) មិនដាក់ភ្នែក»

ក្រុមមន្ត្រីអាមេរិកជាច្រើននាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln អមដំណើរដោយនាវាពិឃាដប្រដាប់ដោយមីស៊ីល ជាច្រើនគ្រឿងនឹងធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ានៅប៉ុន្មានថ្ងៃខាងមុខ។ ក្នុងនោះដែរមន្ត្រីអាមេរិកម្នាក់បានឱ្យដឹងទៀតផងថាប្រព័ន្ធការពារដែនអាកាសបន្ថែមក៏នឹងត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលអាច នឹងត្រូវបានប្រើប្រាស់ដើម្បីទប់ទល់ប្រឆាំងនឹងការវាយប្រហារណាមួយរបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់។

បើតាមក្រុមមន្រ្តីខាងបញ្ជាក់ថា កងនាវាចម្បាំងអាមេរិកខាងលើបានរំកិលខ្លួនធ្វើដំណើរចាកចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីសប្ដាហ៍មុន ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កើនឡើងខ្លាំង ក្រោយ ការកងកម្លាំងសន្តិសុខអ៉ីរ៉ង់បង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ។

សូមរម្លឹកថា លោក ត្រាំបានគំរាមម្ដងហើយម្ដងទៀតថានឹងធ្វើអន្តរាគមន៍ប្រឆាំងអ៊ីរ៉ង់ តែបាតុកម្មតវ៉ាបានថមថយចុះកាលពីសប្ដាហ៍មុន រីឯលោក ត្រាំ ក៏បានថយមួយជំហានពីវោហាសាស្ត្រគំរាមប្រើកម្លាំងយោធាដែរ ដោយអះអាងថាលោកបានបញ្ឈប់ការប្រហារជីវិតបាតុករនៅអ៊ីរ៉ង់៕ (Reuters)



 

Powered by Blogger.