ត្រាំ អញ្ជើញប្រធានាធិបតីកូឡុំប៊ីធ្វើទស្សនកិច្ចទៅកាន់សេតវិមាន ក្រោយការសម្លុតគំរាម
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៧ ខែមករា បានអញ្ជើញប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ធ្វើទស្សនកិច្ច ទៅកាន់សេតវិមាន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានគំរាមមេដឹកនាំកូឡុំប៊ីជាមួយការធ្វើសកម្មភាពយោធាជុំវិញការចោទប្រកាន់ពីការរត់ពន្ធគ្រឿងញៀន។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ
ធ្វើឡើងបន្ទាប់ពីរូបលោកបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក Petro
ដែលជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងបំផុត រវាងមេដឹកនាំទាំង២
ចាប់តាំងពីលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាឆ្នាំមុនមក។
តាមលោក ត្រាំ រូបលោកមានគម្រោងជួបលោក Petro ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air
Force One កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក ត្រាំ ក៏បាន
ព្រមានពីការធ្វើសកម្មភាពយោធាប្រឆាំងនឹងកូឡុំប៊ីផងដែរ។ លោក ត្រាំ
បានចោទប្រកាន់ដោយមិនបានបង្ហាញភស្តុតាងថាមេដឹកនាំកូឡុំប៊ីមានជាប់ពាក់ព័ន្ធនឹង ការជួញដូរគ្រឿងញៀន
ហើយបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើលោក Petro និងក្រុមគ្រួសាររបស់លោកទៀតផង។
លោក Petro បានអំពាវនាវឱ្យមានការធ្វើបាតុកម្មតវ៉ានៅទូទាំងកូឡុំប៊ី
កាលពីថ្ងៃពុធ ដើម្បីប្រឆាំងនឹងការសម្លុតគំរាមរបស់លោក ត្រាំ។
លោកបានរិះគន់ធ្ងន់ៗប្រឆាំងនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែ
ក្រោយកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ត្រាំ លោក Petro ហាក់បន្ទន់ជំហរ
និងបន្ថយសំឡេងវិញ ដោយនិយាយថារូបលោកបានស្នើទៅកាន់លោក
ត្រាំថាប្រទេសទាំង២គួរតែបង្កើតការទំនាក់ទំនងគ្នាដោយផ្ទាល់ឡើងវិញរវាងកម្រិតរដ្ឋមន្ត្រីការបរទេស
និងប្រធានាធិបតី៕ (AFP)

Post a Comment