ត្រាំ ប្រាប់អ៊ីរ៉ង់ឱ្យចុះកិច្ចព្រមព្រៀងគ្មានអាវុធនុយក្លេអ៊ែរ បើមិនចង់ទ្រោមខ្លួន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៨ ខែមករា​ បានប្រាប់ឱ្យអ៊ីរ៉ង់ត្រឡប់ទៅរកតុចរចា ហើយចុះកិច្ចព្រមព្រៀងគ្មានអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បើមិនចង់ទ្រោមខ្លួនទេនោះ។

លោក ត្រាំ បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមដូច្នេះថា «សង្ឃឹមថាអ៊ីរ៉ង់នឹងត្រឡប់មករកតុចរចាឆាប់ៗ ហើយចរចាលើកិច្ចព្រមព្រៀងមួយដ៏យុត្តិធម៌ និងស្មើភាព។ គ្មានអាវុធនុយក្លេអ៊ែរ ដែលនេះជារឿងល្អសម្រាប់មនុស្សគ្រប់គ្នា»។ តាមលោក ត្រាំ ពេលវេលាសម្រាប់អ៊ីរ៉ង់ជិតអស់ហើយ ដូច្នេះអ៊ីរ៉ង់ត្រូវតែប្រញាប់សម្រេចចិត្ត បើពុំដូច្នោះទេអាចនឹងទ្រោមខ្លួនខ្លាំង ជាងមុនៗទៅទៀតពីការវាយប្រហារយ៉ាងដំំណំរបស់សហរដ្ឋអាមេរិក។

ក៏ប៉ុន្តែអ៊ីរ៉ង់កាលពីថ្ងៃពុធផងដែរ បានអះអាងថាខ្លួនមិនបានស្នើសុំចរចាជាមួយសហរដ្ឋអាមេរិកនោះទេ ហើយថែមទាំងព្រមានទៀតផងថានឹងធ្វើការសងសឹកយ៉ាងខ្លាំងក្លាបំផុតប្រឆាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល ព្រមទាំងអ្នកដែលគាំទ្រប្រទេសទាំង២នេះ ក្នុងករណីមានការវាយប្រហារណាមួយលើអ៊ីរ៉ង់។

បើតាមក្រុមមន្ត្រីអាមេរិក លោក ដូណាល់ ត្រាំមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយណាមួយថាតើគួរប្រើកម្លាំងយោធាលើអ៊ីរ៉ង់ ឬក៏យ៉ាងណានៅឡើយទេ ខណៈកងនាវាចម្បាំងអាមេរិក ដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយក្នុងសប្ដាហ៍នេះ។ លោក ត្រាំបានគំរាមម្ដងហើយម្ដងទៀតថានឹងវាយប្រហារលើអ៊ីរ៉ង់ ដើម្បីជួយក្រុមបាតុករអ៊ីរ៉ង់ បើទោះជាបាតុកម្មតវ៉ាបានស្ងប់ស្ងាត់ក៏ដោយ៕ (Reuters)



 

 

Powered by Blogger.