ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោកស្រី ម៉ាតេរ៉េសា ភីឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះ យោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច បានប្រព្រឹត្តទៅនៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
(5PC) ដែលកិច្ចប្រជុំបានស្វាគមន៍ការតែងតាំង
លោកស្រី ម៉ាតេរ៉េសា ភីឡាហ្សារ៉ូ
ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាសម្រាប់ឆ្នាំ២០២៦
និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះអាណត្តិរបស់លោកស្រី
ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការជំរុញការ អនុវត្ត 5PC ស្របតាមការវាយតម្លៃ
និងសេចក្តីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ានស្តីពីការ អនុវត្ត 5PC ក្នុងឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រី
ប្រាក់ សុខុន បានគូសបញ្ជាក់ថា 5PC នៅតែជាឯកសារគោល
របស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយ
ដែលដឹកនាំ និងគ្រប់គ្រងដោយមីយ៉ាន់ម៉ាខ្លួនឯង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានសង្កត់ធ្ងន់លើការ ធានាថា 5PC នៅតែមានសារៈសំខាន់
និងប្រសិទ្ធភាព ដោយបានរំលេចអំពីការចាំបាច់ក្នុងការពិនិត្យឡើងវិញឱ្យបានទាន់ពេលវេលា
ដើម្បីកំណត់មធ្យោបាយសមស្របឆ្ពោះទៅមុខ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តលើកឡើងថា ដំណើរការបោះឆ្នោតដែលមានភាពអាចជឿជាក់បាន និងប្រកបដោយបរិយាបន្ន
ទន្ទឹមនឹងការគាំទ្រពីប្រជាពលរដ្ឋមីយ៉ាន់ម៉ា គឺជាមធ្យោបាយដ៏សំខាន់មួយ
ឆ្ពោះទៅកាន់ស្ថិរភាពយូរអង្វែង។
ក្នុងឱកាស
នៃការចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកអាស៊ាន
ដើម្បីពិភាក្សាអំពីបញ្ហាដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ជាមួយ លោក ដាតូ
ស៊ីរីវ៉ាន់ ពើហ៊ុន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម។
រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងពេលបីទសវត្សរ៍កន្លងមកនេះ
ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់នៅលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍
ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ។
លោករដ្ឋមន្ត្រីព្រុយណេ
បានពាំនាំព្រះរាជសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ ព្រះចៅស៊ុលតង់ ជូន សម្តេចតេជោ
ដែលបានផ្ញើលិខិតថ្វាយ ព្រះពរ ព្រះអង្គឆាប់ជាសះស្បើយក្រោយការវះកាត់ជង្គង់។
ជាមួយ លោក ឡេ
ហើយជុង រដ្ឋមន្ត្រីការបរទេសវៀតណាម រដ្ឋមន្ត្រីទាំងពីរបានផ្តោត
សារៈសំខាន់យ៉ាងខ្លាំងទៅលើចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា-វៀតណាម
ដោយផ្អែកលើមូលដ្ឋាន «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
រដ្ឋមន្ត្រីទាំងពីរក៏បានរំលឹកអំពីលទ្ធផលប្រកបដោយផ្លែផ្កា
នៃកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការ ចម្រុះកម្ពុជា-វៀតណាម
ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប នៅថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ ហើយក៏ពិភាក្សាអំពីការ
ត្រៀមរៀបចំទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក តូ ឡឺម
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅកម្ពុជា នាដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។
ក្នុងជំនួបជាមួយលោក
ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រី ការបរទេសម៉ាឡេស៊ី, លោកឧបនាយករដ្ឋមន្ត្រី
បានសម្តែងនូវអំណរគុណសាជាថ្មីចំពោះម៉ាឡេស៊ី
ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលឱ្យសម្រេចបានបទឈប់បាញ់
ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។
រដ្ឋមន្ត្រីទាំងពីរ
បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាបន្ត
ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង
និងបន្តជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។
រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវក្តីទន្ទឹងរង់ចាំធ្វើ ជាសហប្រធានជាមួយគ្នាក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី
លើកទី៣ ក្នុងឆ្នាំនេះ។
ក្នុងកិច្ចប្រជុំទ្វេភាគីខាងលើ
បណ្តារដ្ឋមន្ត្រីក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែល ជាផលប្រយោជន៍
និងកង្វល់រួម។ ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានធ្វើ
បច្ចុប្បន្នភាពជូនភាគីមិត្តអំពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ៕





Post a Comment