ត្រាំ បង្ហាញផែនទី AI បញ្ចូលហ្គ្រីនឡែនជាទឹកដីអាមេរិក និងប្រកាសថា គ្មានការថយក្រោយ

វ៉ានស៊ីតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាយ៉ាងមុតមាំនៅថ្ងៃអង្គារនេះថា «គ្មានការថយក្រោយទេ» ចំពោះគោលដៅរបស់លោកក្នុងការគ្រប់គ្រងកោះហ្គ្រីនឡែន ដោយបដិសេធមិនច្រានចោលលទ្ធភាពប្រើកម្លាំងយោធាឡើយ។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានប្រើប្រាស់រូបភាពដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ដោយបង្ហាញរូបលោកកាន់ទង់ជាតិអាមេរិកនៅហ្គ្រីនឡែន និងផែនទីមួយទៀតដែលបង្ហាញថាហ្គ្រីនឡែន និងកាណាដាបានក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា «ហ្គ្រីនឡែនគឺចាំបាច់សម្រាប់សន្តិសុខជាតិ និងពិភពលោក។ គ្មានការថយក្រោយទេ»

លើសពីនេះ លោកបានបញ្ចេញសារបែកធ្លាយរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលសួរនាំអំពីរឿងនេះ និងបានគំរាមដំឡើងពន្ធ ២០០% លើស្រានិងសាំប៉ាញបារាំង។ សហភាពអឺរ៉ុបបានព្រមានតបតវិញដោយវិធានការសេដ្ឋកិច្ចធ្ងន់ធ្ងរ រួមទាំងការដាក់ពន្ធលើទំនិញអាមេរិកដែលមានតម្លៃ ៩៣ពាន់លានអឺរ៉ូ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីរតនាគារអាមេរិក លោក ស្កុត បេសេន (Scott Bessent) ដែលកំពុងចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូស បានហៅប្រតិកម្មនេះថាជា «ភាពជ្រួលច្របល់ហួសហេតុ» និងបានអំពាវនាវឱ្យគ្រប់គ្នាស្ងប់ស្ងាត់។ ដោយឡែក រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឆ្លៀតឱកាសនេះចោទសួរពីអធិបតេយ្យភាពរបស់ដាណឺម៉ាកលើហ្គ្រីនឡែន ខណៈទីផ្សារហ៊ុនអឺរ៉ុបបានធ្លាក់ចុះជាង ១% ដោយសារក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម៕ (Reuters)



 

Powered by Blogger.