ក្រុមលេខាធិការដ្ឋាន នៃយោធភូមិភាគ៤ កម្ពុជា និងយោធភូមិភាគ២ ថៃ ជួបប្រជុំគ្នាផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន
ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។
ប្រតិភូកម្ពុជាដឹកនាំដោយ
ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤
និងជាប្រធានក្រុមលេខានិងប្រតិភូភាគីថៃដឹកនាំដោយ វរសេនីយ៍ឯក យុត្ថាសាត សេតថាឆៃ
នាយរងសេនាធិការ កងទ័ពភូមិភាគទី២ និងជាអនុប្រធានក្រុមលេខាធិការ។
លោកស្រីឧត្តមសេនីយ៍ឯក
ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួន
នៅក្នុងដែនសមត្ថកិច្ចរបស់ RBC ដើម្បីរៀបចំឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងប្រកបដោយស្ថាបនា
ស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ
រួមទាំងខ្លឹមសារដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១
គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី២៧
ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២
នៃព្រះរាជាណាចក្រថៃ។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នា
ក្នុងការបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្នា ទោះដោយការជួបផ្ទាល់
ឬតាមប្រព័ន្ធទំនាក់ទំនង ក្នុងន័យកសាងទំនុកចិត្តជាមួយគ្នាឱ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះ
គឺបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
នៅប្រទេសម៉ាឡេស៊ី ដែលសម្រេចឱ្យបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ
ដែលភាគីទាំងពីរបញ្ជាក់សាជាថ្មីអំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះ
ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព
ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន
ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព
និងស្ថិរភាពរវាងប្រទេសទាំងពីរ
និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕






Post a Comment