ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ដឹកនាំប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ត្រួតពិនិត្យការងារប្រចាំត្រីមាស
ខេត្តកំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នាសាលាខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ
អភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរាយការណ៍ជូនអង្គប្រជុំ
ស្ដីពីលទ្ធការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត
ពាក់ព័ន្ធចំនួន៨ចំណុច។ ចំណុចទាំង៨នោះរួមមាន៖ ១៖
អំពីស្ថានភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, ២៖
ការចូលរួមគាំទ្រការអនុវត្តកម្មវិធីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល,
៣៖
សកម្មភាពសំខាន់ៗដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបានអនុវត្ត, ៤៖ លទ្ធផលនៃការរៀបចំវេទិកាសាធារណៈ, ៥៖ បញ្ហាប្រឈម,
៦៖ សំណូមពរ, ៧៖ ទិសដៅសម្រាប់អនុវត្តបន្ត
និង៨៖ សេចក្ដីសន្និដ្ឋានជារួម។
ក្រោយបានស្ដាប់របាយការណ៍ ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារ
បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ
អង្គភាពជុំវិញខេត្ត ព្រមទាំងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញតួនាទី
ភារកិច្ចបម្រើសេវាសាធារណៈ
និងការខិតខំដោះស្រាយរាល់បញ្ហាទុក្ខកង្វល់ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទំនួលខុសត្រូវខ្ពស់។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី
ក៏បានកោតសរសើរក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់
ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈម
និងសំណូមពរនានារបស់ប្រជាពលរដ្ឋ
ក៏ដូចជាការចូលរួមផ្សព្វផ្សាយចំណុចសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពនានា ជូនដល់ប្រជាពលរដ្ឋឲ្យបានយល់
ជ្រួតជ្រាបពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
បន្ទាប់មក ឧបនាយករដ្ឋមន្ត្រី
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
បានដឹកនាំសម្របសម្រួលកិច្ចពិភាក្សា ដើម្បីពិនិត្យលើសេចក្ដីព្រាងរបាយការណ៍
មុននឹងបន្តរៀបចំជារបាយការណ៍ជូនទៅរាជរដ្ឋាភិបាល
និងការពិភាក្សាជុំវិញគន្លឹះក្នុងការដោះស្រាយបញ្ហា
និងសំណូមពរនានារបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍ណែនាំបន្ថែម
សូមឲ្យក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បន្តដោះស្រាយបញ្ហាប្រឈម
និងសំណូមពរជូនប្រជាពលរដ្ឋ រួមទាំងបន្តការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងភូមិ
ឃុំ មានសុវត្ថិភាពជាដើម។ ការងារចំពោះមុខផ្សេងៗ
បានណែនាំឲ្យបន្តយកចិត្តទុកដាក់ដោះស្រាយស្វែងរកការងារជូនពលរដ្ឋត្រលប់មកពីប្រទេសថៃ
និងការងារគាំទ្រគ្រួសារកងទ័ព រួមទាំការបន្តយកចិត្តទុកដាក់សម្របសម្រួលឯកសារដ្ឋបាលជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ
និងការរៀបចំវេទិកាសាធារណៈជាប្រចាំ ដើម្បីផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល
និងស្ដាប់ពីទុក្ខកង្វល់ និងចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕





Post a Comment