រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ កម្ពុជា-ម៉ាឡេស៊ី ពិភាក្សាលើការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និត

ភ្នំពេញ៖ ថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Dato’ Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់នៃប្រទេសម៉ាឡេស៊ី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូដែលចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងជំនួបដ៏មានសារៈសំខាន់នាពេលនេះ។ ឯកឧត្តមរដ្ឋរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះភាគីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូវេន ដែលបានធ្វើការអន្តរាគមន៍សម្របសម្រួលឱ្យមានបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ នាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីការអភិវឌ្ឍន៍របស់កម្ពុជាក្នុងសន្ទុះដ៏លឿនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែ។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូ អំពីតួនាទី ភារៈកិច្ច និងសកម្មភាពរបស់ក្រសួង ក្នុងការអន្តរាគមន៍អភិវឌ្ឍន៍នៅតំបន់ជនបទឱ្យមានភាពរីកចម្រើន ដូចជាការរៀបចំភូមិគំរូគន្លិះ ដើម្បីធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍន៍ឆាប់រហ័ស និងកាត់បន្ថយគំលាតរវាងជនបទ និងទីក្រុង។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសូមឱ្យមានការផ្លាស់ប្តូ និងចែករំលែកបទពិសោធន៍រវាងគ្នា និងគ្នាផងដែរ។

ឯកឧត្តម Dato’ Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី បានថ្លែងអគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងកោតសសើ និងវាយខ្ពស់ចំពោះការរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការគាំទ្រចំពោះការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ លើវិស័យអភិរវឌ្ឍន៍ជនបទ នៃប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

គួរជម្រាបជូនផងដែថា ជំនួបដែលប្រព្រឹត្តទៅនាពេលនេះ ក្នុងគោលរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ជាមួយក្រសួងអភិឌ្ឍន៍ជនបទ ប្រទេសកម្ពុជា៕






 

Powered by Blogger.