គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ កម្ពុជាមានបណ្តាញទឹកស្អាតបម្រើដល់ប្រជាពលរដ្ឋជាង ១.៥៤ លានគ្រួសារនៅទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងក្រុមហ៊ុនរៀបចំពិព័រណ៍អន្តរជាតិ Informa Markets បានបើក "សន្និសីទ និងពិព័រណ៍វិស័យទឹកស្អាតអន្តរជាតិលំដាប់លេខ១ នៅកម្ពុជា " ពីថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២៥ នៅសាលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយប្រមូលផ្តុំភាគីពាក់ព័ន្ធក្នុងវិស័យទឹកស្អាត ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៦.១ ដែលកំណត់ថា ទាំងអស់គ្នាត្រូវទទួលបានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០។

ឯកឧត្តមបានលើកឡើងថា៖ “ទឹកស្អាតគឺជាមូលដ្ឋានគ្រឹះនៃសុខភាពសាធារណៈ សកម្មភាពសេដ្ឋកិច្ច និងកំណើនឧស្សាហកម្ម ហើយទឹកស្អាតត្រូវតែមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ ខ្ញុំសូមជំរុញលើកទឹកចិត្តឱ្យប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតទាំងអស់ពង្រឹងសមត្ថភាព កែលម្អគុណភាព និងអនុលោមតាមស្តង់ដារជាតិ ដើម្បីជួយដល់អាជីវកម្មខ្លួនឯងផង និងជួយប្រទេសជាតិយើងផង។”

តាមថ្នាក់ដឹកនាំខាងលើ បានបន្ថែមថាគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ កម្ពុជាមានបណ្តាញទឹកស្អាតបម្រើដល់ប្រជាពលរដ្ឋជាង ១.៥៤ លានគ្រួសារនៅទូទាំងប្រទេស ដែលក្នុងនោះ ៣៦% នៃបរិមាណទឹកស្អាតត្រូវបានផលិតដោយប្រតិបត្តិករឯកជន។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចពីការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការពង្រីកសេវាទឹកស្អាត ព្រមទាំងបានក្រើនរំលឹកដល់ប្រតិបត្តិករទាំងអស់ឱ្យគោរពតាមស្តង់ដារគុណភាពទឹកស្អាតជាតិ និងសហការជិតស្និទ្ធជាមួយក្រសួង ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតនិយតករទឹកស្អាត តាមការចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានរាយការណ៍ថា ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករទឹកឯកជន និងអ្នកជំនាញអន្តរជាតិមកពីប្រមាណ ១០ ប្រទេស ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យា។ លោកបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការគាំទ្រកម្ពុជាឆ្ពោះទៅសម្រេចគោលដៅ ៦.១ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

លោកស្រី Haza Tukimin អ្នកគ្រប់គ្រងជាន់ខ្ពស់ព្រឹត្តិការណ៍ពិព័រណ៍នៃក្រុមហ៊ុន Informa Markets បានលើកឡើងថា ពិព័រណ៍នេះផ្តល់ជាវេទិកាដ៏មានតម្លៃ សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ក្នុងការតាំងបង្ហាញផលិតផលដែលមាននវានុវត្តន៍ ចែករំលែកជំនាញ និងជំរុញភាពជាដៃគូដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាផ្គត់ផ្គង់ទឹកស្អាត និងនិរន្តរភាពនៅកម្ពុជា។

ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះបានទាក់ទាញក្រុមហ៊ុនជាង ១០០ នៅជុំវិញតំបន់ មកចូលរួមតាំងបង្ហាញដំណោះស្រាយ និងបច្ចេកវិទ្យាប្រព្រឹត្តកម្ម និងផ្គត់ផ្គង់ទឹកស្អាតទំនើបៗ។ អង្គសន្និសីទក៏មានការធ្វើបទបង្ហាញបច្ចេកទេស ការកសាងបណ្តាញធុរកិច្ច និងការអនុវត្តផ្ទាល់បង្ហាញដំណោះស្រាយទឹកស្អាត ក្នុងគោលដៅគាំទ្រឱ្យប្រតិបត្តិករទឹកស្អាតអាចធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ កែលម្អគុណភាពសេវា និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕








 

Powered by Blogger.