NBC៖ ទំហំទឹកប្រាក់វិនិយោគលើគម្រោងសំណង់ និងការនាំចូលសម្ភារៈសំណង់ មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងឆមាសទី១
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តបាន កើនឡើង៣៧.៧% ខណៈការនាំចូលសម្ភារ និងបរិក្ខារសំណង់បានកើនឡើង ៤៤.១% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃកម្ពុជា (NBC)។
របាយការណ៍នេះបានបញ្ជាក់ថា ក្នុងឆមាសទី១
ឆ្នាំនេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តកើនឡើង ៣៧.៧%
ដែលតម្លៃប្រហែលជិត៥ពាន់លានដុល្លារ ក្នុងនោះ សំណង់ឧស្សាហកម្ម កើនឡើង ៩៣.៣%
សំណង់លំនៅឋានកើនឡើង ៨៤% និង សំណង់ផ្សេងៗ កើនឡើង ៣៩.៨% ស្របពេលសំណង់សាធារណៈកើន
២.៤%។ រីឯការនាំចូលសម្ភារនិងបរិក្ខារសំណង់វិញបានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់
ដោយកើនឡើង ៤៤.១% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលតម្លៃប្រមាណជិត១៥០០លានដុល្លារ។
យ៉ាងនេះក្តី ធនាគារជាតិបានលើកឡើងថា
ទោះជាការនាំចូលសម្ភារ និងបរិក្ខារសំណង់កើនឡើងខ្ពស់
ប៉ុន្តែវិស័យសំណង់នៅតែបន្តមានកំណើនទាប ០.៧%
ស្របពេលដែលលំហូរវិនិយោគផ្ទាល់បរទេសទៅកាន់វិស័យសំណង់បន្តធ្លាក់ចុះ ១៤%។
រីឯវិស័យអចលនទ្រព្យវិញ បន្តមានកំណើនទាប ០.៨%
ដោយសារការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទាន សម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេសក្នុងវិស័យនេះធ្លាក់ចុះ។
ធនាគារជាតិបានបញ្ជាក់ដែរថា
សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) រួមបានថយចុះជាមធ្យម
៣.៦% ដែលក្នុងនោះនៅរាជធានីភ្នំពេញ បានថយ ៣.៦% និងតាមបណ្តាខេត្តបានថយចុះ៧.១% ។
ជាមួយគ្នានេះ ទំហំឥណទានសម្រាប់លំនៅឋានបែងចែក តាមប្រភេទ សមាមាត្រ ៤៨.៦% នៃឥណទានសរុបបានថយចុះប្រមាណ១៧.២%។
ធនាគារជាតិនៃកម្ពុជា
បន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងសមាគមធនាគារនៅកម្ពុជា
និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការគាំទ្រការផ្តល់ឥណទានទៅកាន់វិស័យសំខាន់ៗ
ការបន្ធូរបន្ថយអត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញ ការសម្រួលលក្ខខណ្ឌឥណទាន ជាពិសេសទៅកាន់វិស័យអចលនទ្រព្យ
កសិកម្ម ព្រមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
Post a Comment