EU នឹងផ្អាកវិធានការសងសឹកលើពន្ធរបស់អាមេរិករយៈពេល ៦ខែ
ព្រុចសែល៖ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានប្រកាសនៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុបនឹងផ្អាកកញ្ចប់វិធានការសងសឹកទាំងពីររបស់ខ្លួន ប្រឆាំងនឹងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក រយៈពេល ៦ខែ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ទោះជាយ៉ាងណា
កិច្ចព្រមព្រៀងនេះនៅតែមានចំណុចមិនទាន់ដោះស្រាយជាច្រើន។ ជាក់ស្តែង
អត្រាពន្ធលើគ្រឿងស្រវឹងនៅមិនទាន់ច្បាស់លាស់ ហើយបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ
កាលពីសប្តាហ៍មុន ក៏មិនបានផ្តល់ការអនុគ្រោះដោយឡែកសម្រាប់រថយន្ត និងគ្រឿងបន្លាស់ដែរ។
មន្ត្រី EU
រំពឹងថា នឹងមានបទបញ្ជាប្រតិបត្តិបន្ថែមទៀតចេញក្នុងពេលឆាប់ៗនេះ
ដើម្បីបញ្ជាក់ពីចំណុចទាំងនេះ។
អ្នកនាំពាក្យបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា
«សហភាពអឺរ៉ុបបន្តធ្វើការជាមួយសហរដ្ឋអាមេរិក
ដើម្បីបញ្ចប់សេចក្តីថ្លែងការណ៍រួមមួយ ដូចដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៧
ខែកក្កដា»។ លោកបានបន្ថែមថា «ដោយមានគោលបំណងទាំងនេះ
គណៈកម្មការនឹងចាត់វិធានការចាំបាច់ដើម្បីផ្អាករយៈពេល ៦ខែ នូវវិធានការសងសឹករបស់ EU
ប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី៧ ខែសីហា»។
សូមជម្រាបថា ពន្ធសងសឹករបស់ EU ត្រូវបានបែងចែកជាពីរផ្នែក៖ ផ្នែកមួយគឺដើម្បីឆ្លើយតបទៅនឹងពន្ធរបស់អាមេរិកលើដែកថែប
និងអាលុយមីញ៉ូម និងផ្នែកមួយទៀតគឺដើម្បីឆ្លើយតបទៅនឹងពន្ធគោល និងពន្ធលើរថយន្តរបស់លោក
ត្រាំ៕ (ប្រភព៖ Reuters)
Post a Comment