CMAC ៖ ខេត្តឧត្តរមានជ័យ មានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពថៃ ចំនួន ១.៥៤៩គ្រាប់

ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ​ មានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពថៃចំនួន ១.៥៤៩គ្រាប់។

តាមរយៈបណ្ដាញសង្គមផ្លូវការ នាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧតតម ហេង រតនា បានលេីកឡេីងថា នៅចំណុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ មានមន្ត្រីអនុពន្ធ័យោធា​ចំនួន១៤រូប​ ជាតំណាងមកពីប្រទេសចំនួន៩​ រួមមានអូស្ត្រាលី​ កាណាដា​ អង់គ្លេស​ ចិន​ ជប៉ុន​ កូរ៉េខាងត្បូង​ បារាំង​ ឡាវ និងវៀតណាម​ បានចុះពិនិត្យទីតាំង និងគ្រាប់បែកMK-84នោះជាក់ស្តែង។ គ្រាប់បែកMK-84នេះ​ មានទម្ងន់ជិតមួយតោន​ មានបណ្តោយប្រមាណ៣.៥ម៉ែត្រ​ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ​ ផលិតនៅឆ្នាំ១៩៩៦។

សូមបញ្ជាក់ថា នៅចំណុចទីតាំងតែមួយនេះ​ ពួកថៃបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់​ ហេីយផ្ទុះចំនួន៤គ្រាប់​ រីឯ៦គ្រាប់មិនផ្ទុះ​ដោយរួមទាំងគ្រាប់បែកMK-84​ ដែលបានឃេីញនេះផងដែរ។

ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា “បេីផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ​ មានគ្រាប់បែកទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះមានចំនួន១.៥៤៩គ្រាប់។ អង្គភាពCMAC កំពុងដំណេីរការស្រាវជ្រាវ​ ដាក់ស្លាកសញ្ញា និងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក​ និងគ្រាប់កាំភ្លេីងធំគ្រប់ប្រភេទ​ ដេីម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ”៕







 

Powered by Blogger.