លោក ត្រាំ ថានឹងជួបលោក ស៊ី ជីនពីង ប្រសិនបើសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម

វ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ នៅថ្ងៃអង្គារ ទី៥ ខែសីហា បាននិយាយថាសហរដ្ឋអាមេរិកខិតជិតទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ហើយថា លោកនឹងជួបលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខា។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNBC។ លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍នោះថា «គាត់ (លោក ស៊ី ជីនពីង) បានស្នើឱ្យមាន កិច្ចប្រជុំ ហើយខ្ញុំនឹងមានកិច្ចប្រជុំមួយនៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើយើងសម្រេចបានកិច្ចព្រមព្រៀង។ តែប្រសិនបើយើងមិនអាចសម្រេចបានកិច្ចព្រមព្រៀងទេ នោះខ្ញុំនឹងមិនមាន កិច្ចប្រជុំ (ជាមួយលោក ស៊ី ជីនពីង) នោះទេ»។ តែយ៉ាងណាក៏ដោយ លោក ត្រាំ បន្ថែមថា «យើងកំពុងខិតកាន់តែជិតទៅរកការចុះកិច្ចព្រមព្រៀង។ យើងកំពុងដោះស្រាយជាមួយចិន បានយ៉ាងល្អប្រសើរ»

សូមជម្រាបថា ចិនកំពុងប្រឈមមុខនឹងឱសានវាទដល់ថ្ងៃទី១២ ខែសីហា ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ឈានដល់កិច្ចព្រមព្រៀងបឋមក្នុងខែឧសភា និងខែមិថុនា ដើម្បីផ្អាកការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមក។ ដូច្នេះបើមិនមានកិច្ចព្រមព្រៀងពេញលេញមួយទេ មហាអំណាចទាំង២ អាចនឹងត្រឡប់ទៅរកការដំឡើងពន្ធគយសងសឹកដាក់គ្នាសាជាថ្មី៕ (ប្រភព៖ Reuters)



 

Powered by Blogger.