អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ គិតត្រឹមព្រឹកនេះនៅតាមបន្ទាត់ព្រំដែនទិសព្រះវិហារ និងឧត្តរមានជ័យមានភាពស្ងប់ស្ងាត់
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានភាពនៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ខណៈកម្លាំងរបស់កម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ។
តាមរយៈការសង្ខេបបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
បានបញ្ជាក់យ៉ាងដូច្នេះថា «សភាពការណ៍ជួរមុខចាប់តាំងពីវេលាម៉ោង១២៖០០រំលងអធ្រាត្រ
ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់ម៉ោង៦៖១៥នាទីព្រឹកនេះ
សភាពការណ៍នៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ
មានសភាពស្ងប់ស្ងាត់។
កងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្នអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់
និងពេញលេញ»។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, កម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់បំផុត
លើលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០២៥។ ទាំងនេះជាការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ សុចរិត ម្មត់ចត់ មិនរុញរា
និងមិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកងកម្លាំងប្រដាប់អាវុធដែលយើងបានគោរព
និងអនុវត្តយ៉ាងពេញលេញដោយស្ម័គ្រត្រង់ នៃលក្ខខណ្ឌបទឈប់បាញ់
ធ្វើយ៉ាងណាដើម្បីឆ្ពោះទៅរកភាពកាន់តែប្រសើរឡើងឲ្យបានឆាប់រហ័សបំផុត។
សូមមរំលឹកថា
តាមព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ទទួលបានឲ្យដឹងថា
កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់
ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ
ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ
មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧
ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា
នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត
នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។
កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន
ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត
ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព
នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង៕
Post a Comment