កម្ពុជា ស្នើម៉ាឡេស៊ីជួយអន្ដរាគមន៍ដើម្បីជំរុញថៃ ប្រគល់ទាហានកម្ពុជា២០នាក់ ត្រឡប់មកវិញឲ្យកាន់តែឆាប់ និងសុវត្ថិភាព
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំការអន្ដរាគមន៍ពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនរបស់អាស៊ាន ដើម្បីជួយអន្ដរាគមន៍ធ្វើយ៉ាងណាឲ្យភាគីថៃ ប្រគល់ទាហានកម្ពុជាចំនួន២០រូប ដែលគេចាប់ខ្លួនទៅមកប្រទេសកម្ពុជាវិញកាន់តែឆាប់ និងប្រកបដោយសុវត្ថិភាព។
នេះបើតាមការលើកឡើងរបស់លោកស្រី
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ
តាមរយៈការសង្ខេបព័ត៌មានអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១
ខែសីហា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា
បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា
កំពុងបន្ដធ្វើចរចាហើយក៏កំពុងជំរុញឲ្យភាគីថៃ
ប្រគល់កងកម្លាំងរបស់យើងឲ្យយើងវិញឲ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្ដរជាតិ។
កម្ពុជាក៏បានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឲ្យជួយអន្ដរាគមន៍ដើម្បីជំរុញឲ្យភាគីថៃ ឆាប់ប្រគល់ពួកគេឲ្យយើងវិញ»។
លោកស្រី
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងទៀតថា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ
មិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
សូមរំលឹកថា
កងកម្លាំងយោធារបស់កម្ពុជា ចំនួន២០នាក់ ត្រូវបានក្រុមទាហានថៃចាប់ខ្លួន
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។ មកទល់ពេលនេះ
រាជរដ្ឋាភិបាលកំពុងចរចាដើម្បីឲ្យឆាប់បញ្ជូនត្រឡប់មកវិញ ខណៈភាគីថៃបញ្ជាក់ថា
កម្លាំងកម្ពុជាទាំងអស់នោះមានសុវត្ថិភាព៕
Post a Comment