ក្រសួងទេសចរណ៍ បន្តការយកចិត្តទុកដាក់លើកកម្ពស់ការផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី " បដិសណ្ខារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព" ដែលរៀបចំធ្វើនៅខេត្តព្រៃវែងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ទ្បើងវិញថា ក្រសួងទេសចរណ៍មានការគិតគូរយកចិត្តទុកដាក់លើកកម្ពស់ការផ្តល់សេវា បដិសណ្ឋារកិច្ចល្អ ផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរណ៍នៅគ្រប់កន្លែងទាំងអស់ដែលភ្ញៀវទេសចរបានទៅដល់ និងបានទទួលសេវាកម្មទេសចរណ៍ ដើម្បីពង្រឹងភាពទាក់ទាញគោលដៅទេសចរណ៍ និងបង្កើនភាពពេញចិត្តរបស់ភ្ញៀវទេសចរ។
លោក រដ្ឋលេខាធិការបានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលិខិតលេខ០៨៣សសរ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេសដែលសរសេរជាអក្សរកាត់ថា គ.អ.ច.ទ. ដែលមានសមាសភាពមកពីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានីខេត្តដែលជាប់នឹងច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិ ហើយក្នុងនោះខេត្តព្រៃវែងជាខេត្តមួយដែលមានច្រកទ្វារព្រំដែនអន្តរជាតិចំនួនបីរួមមាន៖ ច្រកទ្វារ ម៉ឺនជ័យ ច្រកទ្វារបន្ទាយចក្រី និងច្រកទ្វារកោះរការ។ គណៈកម្មការអន្តរក្រសួងនេះមាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន គ.អ.ច.ទ. ផងដែរ។
ផ្តើមពីនោះក្រសួងទេសចរណ៍មានការគិតគូរយកចិត្តទុកដាក់លើកកម្ពស់ការផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរនៅគ្រប់កន្លែងទាំងអស់ដែលភ្ញៀវទេសចរបានទៅដល់ និងបានទទួលសេវាកម្មទេសចរណ៍ ដើម្បីពង្រឹងភាពទាក់ទាញគោលដៅទេសចរណ៍ និងបង្កើនភាពពេញចិត្តរបស់ភ្ញៀវទេសចរ។
យ៉ាងណាក៏ដោយលោក ហោ សារុន បានបញ្ជាក់ជាថ្មីថា ការអភិវឌ្ឍវិស័យទេសចរណ៍ក៏ដូចជាការអភិវឌ្ឍវិស័យដទៃទៀតដែរ គឺយើង អាចធ្វើឡើងបានតែនៅក្រោម “ម្លប់នៃសន្តិភាព” ប៉ុណ្ណោះ ខណកម្ពុជាយើងគឺជាប្រទេសមានសន្តិភាពពេញលេញ។ ដូច្នេះទើបយើងអាចសម្រេចការងារផ្សេងទៀតបានជោគជ័យ និងធានាបានអនាគតដ៏ត្រចះត្រចង់សម្រាប់កូនចៅជំនាន់ក្រោយ។
ប៉ុន្តែក្នុងរយៈពេលជាងពីរខែនេះ សន្តិភាពបាននិងកំពុងត្រូវចោរ ឈ្លានពានទឹកដីថៃប៉ុនប៉ងនឹងផ្តួលរលំ ដោយទង្វើឈ្លានពានយ៉ាងគឃ្លើនដែលកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយចេតនា និងគិតទុកជាមុននៅតាមតំបន់ព្រំដែន ព្រមទាំងបានបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និងជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិ។ ទន្ទឹមនោះយើងទាំងអស់គ្នាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីដឹងគុណជូនចំពោះវីរភាព និងការលះបង់របស់កងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងខិតំការពារដែនអនាធិបតេយ្យ និងបូរណ ភាពទឹកដីកម្ពុជាប្រកបដោយឆន្ទៈមោះមុត និងការលះបង់ខ្ពស់។
ជាថ្មីម្តងទៀត លោករដ្ឋលេខាធិការបានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា សិក្ខាសាលានៅថ្ងៃនេះនឹងផ្តល់នូវធាតុ ចូលសំខាន់ៗដើម្បីជាការចូលរួមទាំងអស់គ្នាក្នុងការអនុវត្តការងារប្រចាំថ្ងៃឲ្យទទួលបានជោគជ័យ និងលើកស្ទួយមុខមាត់ប្រទេសយើងជាគោលដៅទេសចរណ៍ល្បី និងប្រកបដោយភាពទាក់ទាញជានិរន្តន៍៕
Post a Comment