អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហានេះ ស្ថានភាពនៅជួរមុខមានភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជាប្រុងប្រយ័ត្នខ្ពស់
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារ ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានភាពនៅជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ មិនមានការផ្ទុះអាវុធនោះឡើយ ប៉ុន្ដែកងកម្លាំងដ៏អង់អាចក្លាហានរបស់កម្ពុជា នៅតែបន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីឆ្លើយតបចំពោះស្ថានការណ៍ដែលអាចកើតឡើង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន
សង្ខេបអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ
លើជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែន លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា
«មកទល់វេលាព្រឹកនេះ សភាពការណ៍នៅជួរមុខតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ
និងខេត្តឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់។ ចំពោះកងកម្លាំងរបស់យើង
គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងតួនាទីរបស់ខ្លួន»។
សូមរំលឹកថា បើតាមក្រសួងការពារជាតិ តាមព័ត៌មានដែលទើបទទួលបាន
នៅវេលាម៉ោង១០៖៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ
បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ
ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។
តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា
កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់
ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ
ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ
មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧
ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា
នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត
នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ
ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។
កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន
ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត
ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព
នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង៕
Post a Comment