ឯកឧត្តម ប៉ែន បូណា រម្លឹកប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលជុំវិញស្ថានភាពព្រំដែន និងកងទ័ពកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តរម្លឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលធ្វើឱ្យមានស្ថានការណ៍ច្របូកច្របល់ នៅជុំវិញស្ថានភាពព្រំដែន និងស្ថានភាពរបស់វីរកងទ័ពកម្ពុជា កំពុងតែស្ថិតនៅក្នុងដៃរបស់ភាគីថៃ។
ក្នុងឱកាសសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៤
ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកយ៉ាងដូច្នេះថា៖
«ពាក់ព័ន្ធនឹងការទទួលព័ត៌មាន នៅក្នុងស្ថានភាពបែបនេះ
អ្វីដែលបងប្អូនយើងត្រូវប្រុងប្រយ័ត្ន គឺព័ត៌មានក្លែងក្លាយ និងព័ត៌មាន
ដែលមានដែលមានប្រភពមិនច្បាស់លាស់ ដែលមកបំពុលសតិអារម្មណ៍
ឬមួយក៏ធ្វើឱ្យស្ថានការណ៍ច្របូកច្របល់»។
ដើម្បីឱ្យប្រជាពលរដ្ឋទាំងស្រុក
និងក្រៅប្រទេសទទួលបានព័ត៌មានពិត និងផ្លូវការ អ្នកនាំពាក្យរាជរដ្ឋាភិបាល
ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតាមដានប្រភពព័ត៌មាន
ដែលផ្សព្វផ្សាយចេញពីក្រុមអ្នកនាំពាក្យដែលបានរៀបចំសន្និសីទសារព័ត៌មាន ជារៀងរាល់ថ្ងៃ
ដើម្បីសង្ខេបព្រឹត្តិការណ៍ និងគេហទំព័រផ្លូវការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធភា, ក្រសួងការពារជាតិ, ក្រសួងការបរទេស
ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានកម្ពុជា
ព្រមទាំងគេហទំព័ររបស់គណៈកម្មការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ
ទាំងនេះគឺជាប្រភពផ្លូវការផ្តល់ព័ត៌មានពិត ជូនដល់សាធារណជនទាំងអស់។
ឯកឧត្តម ប៉ែន បូណា
បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា
ដែលដឹកនាំដោយម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់ចែងការងារគ្រប់បែបយ៉ាង
ដើម្បីថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី ដោយសន្តិវិធី
និងស្មារតីពហុភាគីនិយម។
បន្ថែមថាពីនេះ
ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ចំពោះបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេសដែលបានចេញមុខឈឺឆ្អាលរឿងប្រទេសជាតិ
ហើយរួមគ្នាជាធ្លុងមួយសម្តែងឆន្ទៈ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី
និងការពារសេចក្តីថ្លៃថ្នូររបស់ខ្មែរ ដែលនេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលគ្មានអ្នកណាមកបំបែក
និងមកជាន់ពន្លិចបានឡើយ៕
Post a Comment