ចិន ជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពដ៏គ្រោះថ្នាក់នៅទីក្រុងហ្គាហ្សា
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងកាលពីថ្ងៃសុក្រថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅទីក្រុងហ្គាហ្សា និងស្នើឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពគ្រោះថ្នាក់ទាំងនេះជាបន្ទាន់។
សេចក្តីថ្លែងការណ៍នេះ
ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលអនុម័តផែនការរបស់នាយករដ្ឋមន្ត្រី
បេនចាមីន នេតាន់យ៉ាហ៊ូ ដើម្បីឱ្យយោធា «គ្រប់គ្រង»
ទីក្រុងហ្គាហ្សា។ លោក Guo បានបញ្ជាក់ដូច្នេះថា
«ហ្គាហ្សាជាទឹកដីរបស់ប្រជាជនប៉ាឡេស្ទីន
និងជាផ្នែកមួយដែលមិនអាចបំបែកបានពីប៉ាឡេស្ទីន»។
អ្នកនាំពាក្យរូបនេះបាន បានបញ្ជាក់ថា
ការឈប់បាញ់ភ្លាមៗគឺជាមធ្យោបាយត្រឹមត្រូវដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅហ្គាហ្សា
និងនាំទៅដល់ការដោះលែងអ្នកជាប់ឃុំ
ហើយជាគន្លឹះសំខាន់ក្នុងការដោះស្រាយជម្លោះទាំងស្រុងផងដែរ។
លោកបានបន្ថែមថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ
ដើម្បីបញ្ឈប់ការប្រយុទ្ធនៅហ្គាហ្សាឱ្យបានឆាប់បំផុត
កាត់បន្ថយគ្រោះមហន្តរាយមនុស្សធម៌ អនុវត្តដំណោះស្រាយរដ្ឋពីរ
និងសម្រេចបាននូវការដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយពេញលេញ យុត្តិធម៌ និងយូរអង្វែង។
សូមជម្រាបថា ការអំពាវនាវរបស់ចិននេះ
ឆ្លុះបញ្ចាំងពីការព្រួយបារម្ភអន្តរជាតិដែលកំពុងកើនឡើង
ចំពោះលទ្ធភាពនៃការកើនឡើងនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា៕
Post a Comment