ក្នុងខែកក្កដា ឆ្នាំ២០២៥ ការនាំចូលទំនិញពីថៃមកកម្ពុជា ធ្លាក់ចុះជាង៤៤% ​

ភ្នំពេញ៖ ​តាមរបាយការណ៍របស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការនាំចូលទំនិញពីថៃ មកកម្ពុជា ក្នុងរយៈពេលមួយខែកក្កដា ក្នុងឆ្នាំ២០២៥ តម្លៃជាង ១៦៦លានដុល្លារ ធ្លាក់ចុះប្រមាណ ៤៤.១% ​ដែលបើធៀបនឹងរយៈពេល ១ខែដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងតម្លៃជាង ២៩៧លានដុល្លារ។

ដោយឡែកការនាំចេញពីកម្ពុជាទៅថៃវិញ ក្នុងខែកក្កដាកន្លងទៅនេះ មានតម្លៃជាង ៤០លានដុល្លារ ធ្លាក់ចុះប្រមាណ ៣១.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានតម្លៃជាងជាង ៥៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យដដែល។

​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាចុងសប្តាហ៍កន្លងទៅនេះ បាន​ឲ្យដឹង​ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានប្រក្រតីភាពធម្មតា ពោលគឺទំនិញនាំចូលពីប្រទេសថៃ មកប្រទេសកម្ពុជា នៅតែអាចនាំចូលធម្មតា ហាមឃាត់តែបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈប៉ុណ្ណោះ ​។ គិតមកទល់ពេលនេះ រាជរដ្ឋាភិបាលមិនទាន់បានទទួលការណែនាំថា ទំនិញផ្សេងៗ ក្រៅពីទំនិញហាមឃាត់ ត្រូវហាមឃាត់មិនឲ្យនាំចូលមកកម្ពុជានោះទេ គឺនៅតែអាចនាំចូលធម្មតា។

ឯកឧត្តមបណ្ធិតបន្ថែមថា ទំនិញដែលដឹកពីថៃមកកម្ពុជា អាចមានពីរប្រភព ទី១៖ ទំនិញរបស់ថៃ និងទី២៖ ទំនិញរបស់ប្រទេសទីបី ដូចជា៖ ចិន, កូរ៉េ, ជប៉ុន ដែលដឹកឆ្លងកាត់ប្រទេសថៃ ចូលមកកម្ពុជា៕







 

Powered by Blogger.