ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ត្រូវបានសម្ពោធឱ្យដំណើរការសម្រាប់ភ្ញៀវទេសចរ
ខេត្តសៀមរាប៖ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអញ្ជើញជាអធិបតីនៃពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាដែលធ្លាប់តែរងការខូចខាត
គឺបានជួសជុលរួចរាល់ជាស្ថាពរហើយក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង
របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប
បានថ្លែងនៅក្នុងពិធីបើកសម្ពោធដាក់ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា
ឱ្យប្រើប្រាស់នោះថាគម្រោងជួសជុលនេះ គឺជាកិច្ចសហការរវាងក្រុមចិននិងកម្ពុជា
ដើម្បីបន្តដំណើរការនៃការអភិរក្ស និងការជួសជុលប្រាសាទបុរាណឡើងវិញ។ លោកថា
រដ្ឋាភិបាលចិនបញ្ចប់ជំនួយតែត្រឹមការជួសជុលស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលាប៉ុណ្ណោះទេគឺរដ្ឋាភិបាលចិនបានអនុម័តលើគម្រោងឧបត្ថម្ភដំណាក់កាលទី២រួចហើយ
ដើម្បីបន្តគាំទ្រដល់ការអភិរក្ស
និងការស្តារឡើងវិញនៅប្រាសាទបេងមាលាទាំងមូលបន្ថែមទៀត។
ចំណែកឯកឧត្តម
ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ក្នុងនាមឯកឧត្តម
ដែលតំណាងឱ្យបុគ្គលិក មន្ត្រីនៃអាជ្ញាធរជាតិអប្សរា
និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស
គឺសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
ដែលបានយកចិត្តទុកដាក់ជួយជួសជុលប្រាសាទបេងមាលា។ ឯកឧត្តមបន្ថែមថា ជាច្រើនឆ្នាំមកនេះ
រដ្ឋាភិបាលចិនមិនត្រឹមតែយកចិត្តទុកដាក់ជួយជួសជុលប្រាសាទបេងមាលាប៉ុណ្ណោះទេ
គឺបានទាំងជួយជួសជុលប្រាសាទបុរាណខ្មែរជាច្រើន នៅតំបន់អង្គរ ដូចជា ប្រាសាទចៅសាយទេវតា
ប្រាសាទតាកែវ និងបច្ចុប្បន្នកំពុងជួសជុលនៅប្រាសាទភិមានអាកាសជាដើម។
ឯកឧត្តម ហង់ ពៅ
បញ្ជាក់ទៀតថា ការណ៍ដែលរដ្ឋាភិបាលចិនយកចិត្តទុកដាក់
ព្រមទាំងចំណាយថវិកាជួយជួសជុលប្រាសាទខ្មែរជាច្រើននេះ បានបង្ហាញឱ្យពិភពលោកឃើញថា
ចិនបានឱ្យតម្លៃដល់បេតិកភណ្ឌវប្បធម៌ ដែលជាសម្បត្តិវប្បធម៌របស់មនុស្សជាតិយ៉ាងខ្លាំង
ដែលខុសពីមនុស្សអគតិមួយចំនួនដូចជា កងទ័ពថៃដែលបានបំផ្លាញសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ
ជាប្រាសាទបុរាណនៅតាមព្រំដែនកម្ពុជា-ថៃ មានប្រាសាទព្រះវិហារជាដើម៕
Post a Comment