UN៖ មនុស្ស ៧៩៨នាក់ត្រូវបានសម្លាប់នៅក្បែទីតាំងចែកជំនួយក្នុងតំបន់ហ្គាហ្សា ក្នុងរយៈពេល ៦សប្តាហ៍

 ប្រភព៖ Reuters

ហ្សឺណែវ៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃសុក្រថា ខ្លួនបានកត់ត្រាករណីមនុស្សស្លាប់យ៉ាងតិច ៧៩៨នាក់ ក្នុងរយៈពេល ៦សប្តាហ៍ចុងក្រោយនេះ នៅឯទីតាំងចែកជំនួយក្នុងតំបន់ហ្គាហ្សា។ ទីតាំងទាំងនោះ គឺគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោកស្រី Ravina Shamdasani បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ មាន ៦១៥នាក់នៅជិតទីតាំងរបស់ GHF និង ១៨៣នាក់ទៀតនៅតាមផ្លូវនៃក្បួនរថយន្តដឹកជំនួយ។ លោកស្រីបានបន្ថែមថា ករណីស្លាប់ភាគច្រើន គឺដោយសារគ្រាប់កាំភ្លើង ហើយបានលើកឡើងពីក្តីបារម្ភអំពី «ឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ»

ជាការឆ្លើយតប មូលនិធិ GHF បានច្រានចោលតួលេខរបស់ UN ដោយចាត់ទុកថា «មិនពិត និងនាំឲ្យមានការភាន់ច្រឡំ» ហើយបានអះអាងវិញថា ការវាយប្រហារដ៏សាហាវបំផុតគឺកើតឡើងនៅជិតក្បួនរថយន្តដឹកជំនួយរបស់ UN ទៅវិញទេ។

គួរបញ្ជាក់ថា បន្ទាប់ពីសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល ២១ ខែមកនេះ តំបន់ហ្គាហ្សាទាំងមូលកំពុងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដោយសារហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ ហើយប្រជាជនភាគច្រើនបានផ្លាស់ទីលំនៅ។ ជុំវិញបញ្ហានៃការចែកចាយជំនួយ អ៊ីស្រាអែលតែងតែអះអាងថា កងកម្លាំងរបស់ខ្លួនចាំបាច់ត្រូវតែប្រតិបត្តិការនៅក្បែរតំបន់ទាំងនោះ ដើម្បីទប់ស្កាត់គ្រឿងផ្គត់ផ្គង់មិនឱ្យធ្លាក់ទៅក្នុងដៃក្រុមសកម្មប្រយុទ្ធ។

ទោះជាយ៉ាងណា កាលពីសប្តាហ៍មុន កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបង្ហាញទិដ្ឋភាពមួយផ្សេងទៀតថា រថយន្តដឹកស្បៀងភាគច្រើនត្រូវបានស្ទាក់ចាប់ដោយ «សហគមន៍ជនស៊ីវិលដែលស្រេកឃ្លាន» ទៅវិញទេ។ ការអះអាងដែលផ្ទុយគ្នានេះ កើតឡើងស្របពេលដែលអង្គការ GHF បានប្រកាសអំពីភាពជោគជ័យរបស់ខ្លួនក្នុងការចែកចាយអាហារបានជាង ៧០ លានពេល៕



 

Powered by Blogger.