កម្ពុជា-ឥណ្ឌា ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត

ភ្នំពេញ៖ នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ 

ក្នុងឱកាសនៃជំនួប, ឯកឧត្តម អនុរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសមនិងបានបង្ហាញអំពីក្តីសប្បាយរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។ ឯកឧត្តម អនុរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រពៃណី និងយូរអង្វែង ឥណ្ឌា-កម្ពុជា និងបានបង្ហាញអំពីការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។ 

ការឆ្លើយតប, សម្តេចបវរធិបតី បានស្វាគមន៍ ឯកឧត្តម អនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។ សម្តេចបវរធិបតី បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យជាច្រើន នាពេលកន្លងមក។ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្ដានុពលជាច្រើន ទៀត សម្រាប់កិច្ចសហប្រតិបត្តិការ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋឥណ្ឌា។

សម្តេចបវរធិបតី និងឯកឧត្តម អនុរដ្ឋមន្រ្តី ក៏បានពិភាក្សា និងឯកភាពគ្នានៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, ហិរញ្ញវត្ថុ, សន្តិសុខ និងការពារជាតិ, វប្បធម៌, អប់រំ, សុខាភិបាល, ទេសចរណ៍, ការតភ្ជាប់វិស័យអាកាសចរណ៍, និងវាយនភណ្ឌ ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត៕






Powered by Blogger.