ម្ចាស់ដេប៉ូ១១៨កន្លែង ចូលរួមបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង បានបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្តីពីបទដ្ឋានគតិយុតនីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្មក្នុងខេត្ត ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា៖ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មលក់ដុំនិងរាយ ថ្នាំកសិកម្ម.ជីកសិកម្ម នាពេលបច្ចុប្បន្ននេះការលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្មនៅទូទាំងខេត្តស្ទឹងត្រែង មានចំនួន១១៨ដេប៉ូ ក្នុងនោះទីតាំងលក់ដុំ លក់រាយថ្នាំកសិកម្មចំនួន៣២ដេប៉ូ និងទីតាំងលក់ដុំ លក់រាយជីកសិកម្មចំនួន៩៥ដេប៉ូ ។

លោកប្រធានមន្ទីរកសិកម្មក៏បានលើកឡើងថា៖អាជីវករកាលពីមុនធ្វើអាជីវកម្មបែបយថាកម្ម អាចនិយាយបានថាពួកគាត់ពុំមានរូបមន្តរួចផ្សំតាមស្តង់ដារអ្វីទេ តែរហូតមកទល់បច្ចុប្បន្នក្នុងសម័យទំនើបពួកគាត់មានលទ្ធភាពអាចផលិតជីកសិកម្មដែលមានគុណភាពយ៉ាងល្អ ដែលអាចជួយដល់កសិករបានយ៉ាងច្រើន ។តទៅមុខទៀតយើងរំពឹងថាការអភិវឌ្ឍន៍ចំពោះកសិកម្មនៅខេត្តស្ទឹងត្រែងនឹងទទួលបានជោគជ័យកាន់តែខ្ពស់ក្នុងការឆ្លើយតបរបស់កសិករទៅកាន់ទីផ្សារ ។ ហើយក្នុងឆ្នាំ២០២៤កន្លងទៅ ការងារបង្កបង្កើនផលដំណាំស្រូវសម្រេចបានសរុបចំនួន២៨ ៥៩២ហិកតា ស្មើនឹង១០៣% ។ ដំណាំសាកវប្បកម្មអនុវត្តបានសរុបចំនួន៥.៩៤០ហិកតា ស្មើនឹង២១៩% នៃផែនការ ។ រីឯដំណាំឧស្សាហកម្ម អនុវត្តបានសរុប ៤៤៤.៤៥១.៣៥១.៣ ហិកតាស្មើនឹង ១២១% នៃផែនការ ។

គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង បានជួបប្រទះនូវគ្រោះទឹកជំនន់ ដែលធ្វើឲ្យខូចខាតដល់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋចំនួន១៣៣ហិកតា ។ ចំពោះទិន្នផលស្រូវ គិតជាមធ្យមទទួលបានចំនួន២,៧៥ តោន/ហិកតា បើប្រៀបធៀបនឹង បណ្តាខេត្តភាគខាងក្រោម គឺខេត្តស្ទឹងត្រែងមានទិន្នផលទាបជាង។ សម្រាប់ទិន្នផលស្រូវដែលប្រជាកសិករនៅ ខេត្តស្ទឹងត្រែងផលិតបាន គឺមានបរិមាណគ្រប់គ្រាន់សម្រាប់តម្រូវការប្រជាជនចំនួន ១៨៣.៤៧៧ នាក់និងមានតុល្យភាពស្បៀងប្រមាណ២៦.២៣៧តោន(គិតជាអង្ករ) ស្បៀងនៅសល់ចំនួន ១៧.៤០៩តោន ។ 

ជាមួយគ្នានេះខេត្តស្ទឹងត្រែងក៏មានសហគមន៍កសិកម្មមានចំនួន៣៩ សហគមន៍ផងដែរ ហើយក្នុងនោះខេត្តស្ទឹងត្រែងមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមានចំនួន១៣ ក្រុមហ៊ុន មានផ្ទៃដីសរុបចំនួន ៨១.៣៦៨ហិកតា កំពុងធ្វើការដាំដុះសរុបចំនួន ២០.១៣០ហិកតា ។ ក្នុងនោះរួមមាន កៅស៊ូ .ម៉ៃសាក់ .ចេក .ស្វាយ .ស្វាយចន្ទី និងដំណាំផ្សេងៗមួយចំនួនទៀត ៕







Powered by Blogger.