កងទ័ពកម្ពុជា-ថៃ បន្តបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខ នៃថ្ងៃទី២, កងទ័ពកម្ពុជាបន្តគ្រប់គ្រង និងឈរជើងយ៉ាងរឹងមាំនៅតាមទីតាំងប្រយុទ្ធទាំងអស់

ឧត្តរមានជ័យ-ព្រះវិហារ៖ គិតត្រឹមវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី២ កងទ័ពកម្ពុជា-ថៃ នៅបន្តប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខឡើងវិញហើយ។

សកម្មភាពនៃការបន្ដផ្លោងដាក់គ្នានេះ គឺបានបន្ដនៅតំបន់ខ្លះម៉ោង២ទាបភ្លឺ, ម៉ោង៣ទាបភ្លឺប នៅព្រះវិហារ-ភ្នំខ្មោច និងម៉ោងជាង៥ព្រឹកព្រលឹម នៅតំបន់តាក្របី។

សម្រាប់កងទ័ពកម្ពុជានៅបន្តគ្រប់គ្រងសមរភូមិប្រយុទ្ធទាំងអស់ និងឈរជើងយ៉ាងរឹងមាំនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្រោយបានបណ្តេញសត្រូវឈ្លានពានឲ្យរត់ចេញពីទីតាំងទាំងនេះ។

សេចក្តីរាយការណ៍ពីកងទ័ពជួរមុខ បានបញ្ជាក់ថា នៅសមរភូមិប្រយុទ្ធទាំងនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កងទ័ពទាំង២ បន្តប្រើកាំភ្លើងធន់ធ្ងន់ផ្លោងដាក់គ្នាទៅវិញទៅមក តែកងទ័ពដ៏អង់អាចក្លាហានរបស់យើង នៅគ្រប់សមរភូមិប្រយុទ្ធកំពុងគ្រប់គ្រងទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ ហើយបាញ់ដាក់សត្រូវឈ្លានពានយ៉ាងចាស់ដៃ ដោយមិនខ្លាចញញើតនោះទេ។

បើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃបានបើកការវាយប្រហាររហូតដល់៨ទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំង៨នោះរួមមាន៖ ទី១ ប្រាសាទតាមាន់ធំ ទី២ ប្រាសាទតាក្របី ទី៣ តំបន់ភ្នំទ្រព្យ ទី៤ វាលឥន្ទ្រី ទី៥ តាថាវ ទី៦ ភ្នំខ្មោច ទី៧ អានសេះអូផ្កាស្នេហ៍ និងទី៨ មុំបី។

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕



 

Powered by Blogger.