ត្រាំ ៖ សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធបន្ថែមទៅឱ្យអ៊ុយក្រែន
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៧ ខែកក្កដា បាននិយាយថាសហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធបន្ថែមទៅឱ្យអ៊ុយក្រែន ដើម្បីជួយប្រទេសមួយនេះការពារខ្លួនឯង ប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។
ការប្រកាសខាងលើរបស់លោក ត្រាំ
កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍កាលពីពេលថ្មីៗនេះថាសហរដ្ឋអាមេរិកបានផ្អាកការបញ្ជូនអាវុធមួយចំនួនទៅឱ្យអ៊ុយក្រែន។
លោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
ក៏បានពិភាក្សាគ្នាតាមទូរស័ព្ទដែរកាលពីថ្ងៃសុក្រសប្ដាហ៍មុន
ដោយមេដឹកនាំទាំង២បានជជែកគ្នាពីការបង្កើនសមត្ថភាពការពារដែនអាកាសរបស់ អ៊ុយក្រែន
នៅចំពោះមុខការបង្កើនការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់រុស្ស៉ី។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក
បានបញ្ជាក់ថាអ៊ុយក្រែនកំពុងរងការវាយប្រហារយ៉ាងដំណំពីរុស្ស៉ី
ហើយត្រូវការជាចាំបាច់នូវសមត្ថភាពការពារខ្លួនឯង។ ដូច្នេះសហរដ្ឋអាមេរិក
នឹងបញ្ជូនអាវុធការពារខ្លួនជាចម្បងទៅឱ្យអ៊ុយក្រែន។ លោក ត្រាំ
កាលពីថ្ងៃសុក្រសប្ដាហ៍មុន
ក៏បានប្រាប់អ្នកសារព័ត៌មានដែរថាអ៊ុយក្រែនត្រូវការប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot
ដើម្បីការពារខ្លួន ប៉ុន្តែ
លោកមិនបានលើកឡើងជាថ្មីពីប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះកាលពីថ្ងៃចន្ទនោះទេ។
សូមជម្រាបថា អ៊ុយក្រែនបានទទូចសុំឱ្យទីក្រុងវ៉ាស៊ីនតោន
ផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដែលទីក្រុងកៀវមើលឃើញ
ថាជាប្រព័ន្ធអាវុធដ៏ចាំចាច់ដើម្បីការពារខ្លួនពីការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៉ី៕
Post a Comment