រុស្ស៊ី អះអាងថា បាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៤០២គ្រឿង ខណៈការវាយប្រហារតាមអាកាសកាន់តែខ្លាំងក្លា
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៤០២គ្រឿង និងគ្រាប់បែកនាំផ្លូវ ៧គ្រាប់ ក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ។ ការអះអាងនេះ កើតឡើងខណៈពេលដែលរុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា ក្នុងរយៈពេលចុងក្រោយនេះ។
ក្រសួងបានបញ្ជាក់ថា ដ្រូនចំនួន
៩១គ្រឿងត្រូវបានបំផ្លាញនៅពេលយប់ ដោយភាគច្រើននៃដ្រូនទាំងនោះ គឺនៅតំបន់ព្រំដែន Belgorod
និង Kursk ខណៈដែល ៨គ្រឿងទៀតត្រូវបានបាញ់ទម្លាក់នៅតំបន់មូស្គូ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr
Zelenskyy បានមានប្រសាសន៍ថា រុស្ស៊ីបានបាញ់បង្ហោះដ្រូនចំនួន
១០១គ្រឿងមកលើអ៊ុយក្រែនពេញមួយយប់។ លោកបានបន្ថែមទៀតថា
ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ មានការកត់ត្រាពីការវាយប្រហារដោយដ្រូនប្រហែល ១,២៧០គ្រឿង និងមីស៊ីល ៣៩គ្រាប់ពីរុស្ស៊ី។
សូមជម្រាបថា
ការវាយប្រហារគ្នាទៅវិញទៅមកដោយដ្រូន បានក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់មួយ
នៅក្នុងសង្គ្រាមរវាងប្រទេសទាំងពីរ ដែលបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ
និងបង្កការគំរាមកំហែងដល់ជនស៊ីវិលទាំងសងខាង៕
Post a Comment