ក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន
ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃកម្ពុជា បានប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
ក្រសួងការពារជាតិនៃកម្ពុជា
បានប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ
ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥នាក់ ដោយសារការផ្ទុះគ្រាប់មីន
នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៣ ខែកក្កដា
ឆ្នាំ២០២៥។
កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា
តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់
ដែលមិនទាន់បានបោសសម្អាតអស់
ហើយជំរុញឱ្យភាគីថៃជៀសវាងការអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត
ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU
2000)។
វាជាការដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ
មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន
ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ
ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់ពីសំណាក់ប្រទេសថៃ។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ
បន្តការអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៃកម្ពុជា
ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ
និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី
និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត
ទោះក្នុងតម្លៃណាក៏ដោយ៕

Post a Comment