លោក ជា ធីរិទ្ធ ៖ ថៃកំពុងប្រើល្បិចអាក្រក់ ព្រួសឈាមលើកម្ពុជាជាថ្មីម្តងទៀត ពាក់ព័ន្ធទៅនឹងល្បែងឧក្រិដ្ឋកម្មអនឡាញ

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាគីថៃ កំពុងតែប្រើកលល្បិចអាក្រក់ ដើម្បីព្រួសឈាមមកលើកម្ពុជា ជាថ្មីម្តងទៀតហើយ ពាក់ព័ន្ធទៅនឹងល្បែង ឧក្រិដ្ឋកម្មអនឡាញ។

ការលើកឡើងរបស់លោក ជា ធីរិទ្ធនេះ បន្ទាប់ពីសារព័ត៌មាន របស់ថៃ ជាច្រើនស្ថាប័ន នៅព្រឹកថ្ងៃ៨ កក្កដា បានផ្សព្វផ្សាយថា ក្រុមប៉ូលិសថៃ បានលបឆ្មក់ចូលឆែកឆេរទីតាំង១៩កន្លែង ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា កុក អាន ជាមនុស្សជំនិតរបស់សម្តេចតេជោ ដែលមានទីតាំងនៅជិតព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានរឹបអូសរថយន្តប្រណីតៗជាច្រើនគ្រឿង គិតជាថវិកាប្រមាណជា២៧លានដុល្លារ ។

ឆ្លើយតបទៅនឹងការវាយលើប្រហារកម្ពុជា និងសម្តេចតេជោ ពីសំណាក់ភាគីថៃនេះ លោក ជា ធីរិទ្ធ បានថ្លែងថា នេះគឺជាព័ត៌មានបំផ្លើសបំភ្លៃខុសពីការពិត ហើយក៏ជាល្បែងសងសឹក របស់ថៃ មកលើកម្ពុជានិងប្រទេសជិតខាង ។ លោកថា នេះហើយជាទម្លាប់អាក្រក់របស់ថៃ ខណៈថ្មីៗនេះ នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត់ត្រា ដែលត្រូវបានព្យួរតំណែង ក៏បានដើរព្រួសឈាមមកលើកម្ពុជាដែរ ជុំវិញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ស្របប្រទេសខ្លួនឯង ជាមជ្ឈមណ្ឌលចែកចាយ ឧក្រិដ្ឋកម្មពាសពេញពិភពលោក ជាពិសេសនៅតំបន់អាស៊ី-អាគ្នេយ៍ ។

លោកបន្តថា “ដូច្នេះនេះ គឺជារបៀបដើរព្រួសឈាម ដាក់គេ ដែលជាមាយាទរបស់ប្រទេសមួយនេះ ដែលជាមាយាទរបស់មេដឹកនាំមួយនេះ មកលើប្រទេសដទៃ ជាពិសេសមកលើកម្ពុជា ក្នុងចេតនាបង្ខូចកិត្តិយសរបស់គេ ស្របពេលប្រទេសខ្លួនឯង ដែលប្រឡាក់ដោយលាមក”។

អ្នកនាំពាក្យ ក៏បានបញ្ចឺតបញ្ចើ ទៅភាគីថៃថា បើចង់ប្រើកលល្បិចអ្វីមកលើកម្ពុជា សូមអញ្ជើញបញ្ចេញឲ្យអស់មក ព្រោះកម្ពុជាមិនខ្លាចញញើត នឹងល្បិចកលអាក្រក់របស់ថៃនោះទេ ដោយសារកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងមានមេដឹកនាំដ៏ខ្លាំងជាច្រើន ត្រៀមកំដរលេងបានគ្រប់ពេលវេលា ។

អ្នកនាំពាក្យខាងលើនេះ ក៏បានបន្ថែមទៀតថា បើភាគីថៃចិត្តខ្លាំងត្រូវតែចាប់ខ្លួនលោក ថាក់ ស៊ីន ដាក់ពន្ធគារទៅ ព្រោះលោក ថាក់ ស៊ីន ជាមនុស្សស្និតជាមួយសម្តេចតេជោ ហើយក៏ត្រូវបានសម្តេចចិញ្ចឹមឲ្យរស់រានមានជីវិត រហូតមានឱកាសមកជាន់លើទឹកថៃម្តងទៀតនេះ ដោយសារសម្តេចតេជោ ជាអ្នកជួយទំនុកបម្រុងសព្វបែបយ៉ាង ៕



 

Powered by Blogger.