លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ ឆ្នាំ២០២៥
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាព បើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ ឆ្នាំ២០២៥ នៅដឹ ព្រេមៀ សេនធ័រសែនសុខ។ ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២៥។
ព្រឹត្តការណ៍តាំងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នេះ
មានលក្ខណៈខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ ដែលរៀបចំឡើងក្រុមហ៊ុន គ្រី អេធីវ លីវីង
ឯ.ក និងមានការចូលរួមពីដៃគូសហការជាច្រើន ដើម្បីឱ្យគ្រប់ក្រុមហ៊ុនដែលមានអាជីវកម្ម
និងកម្មវិធីមង្គលការទាំងអស់ បានចូលរួមក្នុងការផ្សព្វផ្សាយ ដាក់តាំងបង្ហាញនូវផលិតផល
និងសេវាកម្មរបស់ខ្លួនទាក់ទងនៅក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍នេះ
និងផ្តល់ភាពងាយស្រួលចំពោះអតិថិជនកូនកំលោះកូនក្រមុំ គូស្វាមីភរិយា
ដែលមានគម្រោងរៀបចំមង្គលការ និងបណ្តារក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអាពាហ៍ពិពាហ៍
ដើម្បីបង្កើតទំនាក់ទំនងល្អ និងផ្តល់ព័ត៌មានលម្អិតជូនអតិថិជន។
កាន់តែពិសេសដើម្បីចូលរួមចំណែកផ្សព្វផ្សាយ ពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើង
ដែលមានតាំងយូរលង់ណាស់មកហើយ ឱ្យភ្ញៀវជាតិ
និងអន្តរជាតិបានជ្រួតជ្រាបពីប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង។
ក្នុងព្រឹត្ដិការណ៍នេះ
ក៏បានរៀបចំកម្មវិធីមង្គលការពិតប្រាកដ ជូនដល់គូស្រករក្រីក្រចំនួន៥គូ
ដែលពុំមានលទ្ធភាពរៀបចំមង្គលការផងដែរ ។
ការរៀបចំនេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
ឧត្ដមភរិយានាយករដ្ឋមន្ដ្រីកម្ពុជា ហើយពិធីរៀបអាពាហ៍ពិពាហ៍ខាងលើនេះ
បានរៀបចំនៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ H ដោយលោកជំទាវបណ្ឌិត បានអញ្ជើញចូលចងដៃ
និងជូនពរគូស្វាមីភរិយាថ្មីមួយគូដ៏សំណាងនេះ ដោយផ្ទាល់ផងដែរ។
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២
ឆ្នាំ២០២៥ ក៏មានការប្រគុំតន្ត្រីខ្នាតធំដោយកំពូលតារាចម្រៀង លោក ជី ដេវិត លោក លឹម
តិចម៉េង នឹងលោកទេព ពិសិដ្ឋ ក៏ដូចជាសិល្បករ សិល្បការនី ជាច្រើនរូបទៀត។
លើសពីនេះទៅទៀត មានស្ដង់ពិព័រណ៌សម្លៀកបំពាក់អាពាហ៍ពិពាហ៍ ស្ដង់លក់វត្ថុអនុស្សាវីរីយ៍ស្នាដៃរបស់កូនខ្មែរ និងមានស្ដង់ពិព័រណ៌ជាច្រើនរយស្ដង់ទៀត រួមទាំងស្តង់អាហាររាប់សិបស្តង់សម្រាប់អតិថិជនទទួលទានអាហារ និងកន្លែងកូនក្មេងតូចៗកម្សាន្ត Kid Playground យ៉ាងធំទូលាយ៕
Post a Comment