លោក មីន កុម្ភៈ ដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ក្នុងក្រុងព្រះសីហនុ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ក្នុងក្រុងព្រះសីហនុ ក្នុងនោះមានការផាកពិនយ័ចំពោះអ្នកបើកបរយានយន្តផ្សេងៗ ដូចជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព , អ្នកបើកបរយានយន្តបញ្ច្រាសទិសនិងអ្នកបើកបរមិនឈប់ភ្លើងស្តុបជាដើម និងអប់រំផ្សព្វផ្សាយបន្ថែម តម្រង់ទិសអ្នកបើកបរយានយន្តគ្រប់ប្រភេទឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដេីម្បីបង្ការពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុក្នុងការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ជាពិសេសអ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពនិងអ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យប្រទេសជាតិយើងរីកចម្រើន ដោយឃើញសព្វថ្ងៃនេះអត្រាគ្រោះថ្នាក់ចរាចរណ៍ពិតជាប៉ះពាល់ធំធេងទៅដល់ការអភិវឌ្ឍក៏ដូចជាបាត់បង់ធនធានមនុស្ស បាត់បង់នូវសមាជិកគ្រួសារដូច្នេះសូមបងប្អូនចូលរួមគោរពច្បាប់ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថាក្នុងការរឹតបន្តឹងអនុវត្តចរាចរណ៍ផ្លូវគោកដោយមានការចង្អុលបង្ហាញពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងការដឹកនាំបញ្ជាផ្ទាល់ពីរឯកឧត្តមឧត្តមសេនីយ៍ឯកស រដ្ឋាអគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យកម្លាំងនគរបាលចរាចរណ៍ពង្រឹងរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុក៏ដូចនៅរាជធានីខេត្ត។
លោកវរសេនីយ៍ទោនាយការិយាល័យបានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនពេលដែលមិនមានសមត្ថកិច្ចនៅគោលដៅឬទីដែលគ្មានសមត្ថកិច្ចគឺពួកគាត់មិនបានចូលរួមគោរពច្បាប់ទេហើយទីកន្លែងនោះជាទីកន្លែងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។
នៅក្នុងឱកាសនោះលោកវរសេនីយ៍ទោ នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកបានបន្ថែមទៀតថា ការពង្រឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកនេះគឺដេីម្បីឱ្យបងប្អូនអ្នកប្រេីប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេស ដេីម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង ជាយថាហេតុទទួលបាននូវសុខសុវត្ថិភាពចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ ។ទី១.ពង្រឹងអ្នកបើកបរបញ្ច្រាស់ទិសចរាចរណ៍ ទី២.ពង្រឹងការពាក់មួកសុវត្ថិភាព ទី៣.ល្មើសផ្លាក សញ្ញា- ភ្លេីង សញ្ញាចរាចរណ៍និងបទល្មើស ចរាចរណ៍ផ្លូវគោកផ្សេងៗទៀតផងដែរ៕
Post a Comment