ខេត្តព្រះសីហនុ ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្តាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្តាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» និងមានការចូលរួមតំណាងអង្គភាពពាក់ព័ន្ធស្ថិតនៅចំណុចភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថាសំណុំរឿងមានចំនួន ១៦៧ សំណុំរឿង ក្នុងនោះមានសាលក្រម ចំនួន ១៤៦ និងសេចក្តីសម្រេចចំនួន ២១ ហើយសារធាតុញៀនរួមមានទី១.សារធាតុញៀនប្រភេទមេតំហ្វតាមីន ទម្ងន់ ៥៨៩ គីឡូ ៩៦៤.២៧ ក្រាម ទី២.សារធាតុញៀនប្រភេទកូកាអ៊ីន ទម្ងន់ ១០២.៧០ក្រាមទី៣.សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ ២៤ គីឡូ ៤៤៦.៤២ក្រាម ទី៤.កញ្ឆាទម្ងន់ ៣ គីឡូ ១១៣.៣៩ ក្រាម ទី៥.សារធាតុញៀនប្រភេទអ៊ីចស្ដាស៊ី (MDMA) ទម្ងន់ ៥៣ គីឡូ ៨៦០.៦៥ក្រាម និងទី៦.សារធាតុគីមីផ្សេងៗទម្ងន់ ៧៣ គីឡូ ៣០៣.៩០ ក្រាម។គ្រឿងញៀនសរុបទម្ងន់ ៧៤៤គីឡូ ៧៩១.៣៣ក្រាម ។
លោកវរសេនីយ៍ឯកបានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញរួមមានគ្រឿងញៀនឆ្នាំ ២០២៤ ទម្ងន់ ១តោន ៩០៨ គីឡូ ២០១.៧៨ ក្រាមនិងគ្រឿងញៀន ឆ្នាំ ២០២៥ទម្ងន់ ៧៤៤ គីឡូ ៧៩១ .៣៣ ក្រាម។ សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ២ តោន ៦៥២ គីឡូ ៩៩៣.១១ ក្រាមត្រូវដុតបំផ្លាញចោលនៅព្រឹកថ្ងៃនេះ៕
Post a Comment