អ៊ីរ៉ង់បើកដែនអាកាសឡើងវិញទូទាំងប្រទេស ក្រោយសង្រ្គាមជាមួយអ៊ីស្រាអែល

 ប្រភព៖ AFP

តេហេរ៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបើកដែនអាកាសទូទាំងប្រទេសឡើងវិញហើយ រួមទាំងនៅលើរដ្ឋធានីតេហេរ៉ង់ បន្ទាប់ពីបានបិទកាលពីថ្ងៃទី១៣ ខែមិថុនា ដោយសារតែសង្រ្គាមជាមួយអ៊ីស្រាអែល។

អ៊ីរ៉ង់បានបិទដែនអាកាសទូទាំងផ្ទៃប្រទេស កាលពីខែមុន បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំ តាមផ្លូវអាកាសមកលើខ្លួន ហើយទីក្រុងតេហេរ៉ង់ បានបាញ់មីស៊ីលនិងដ្រូនសងសឹកលើអ៊ីស្រាអែលវិញ។ ក្រោយមក បទឈប់បាញ់​រវាងប្រទេសទាំងពីរ បានចូលជាធរមានកាលពីថ្ងៃទី២៤ ខែមិថុនា។ ភ្លាមៗបន្ទាប់ពីមានបទឈប់បាញ់នោះ អ៊ីរ៉ង់បានបើកដែនអាកាស នៅភាគខាងកើតប្រទេស និងពង្រីកការអនុញ្ញាតឱ្យជើងហោះហើរអន្តរជាតិ បើកឆ្លងកាត់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា អាកាសយានដ្ឋានអន្តរជាតិ Mehrabad និង Imam Khomeini ព្រមទាំងអាកាសយានដ្ឋានដទៃទៀត នៅតំបន់ភាគខាងជើង ខាងកើត ខាងលិច និងខាងត្បូងប្រទេស ត្រូវបានបើកឡើងវិញហើយ និងត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើប្រតិបត្តិការជើងហោះហើរ។

អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា ជើងហោះហើរក្នុងស្រុកនិងអន្តរជាតិ មកពីអាកាសយានដ្ឋានទាំងអស់នៅទូទាំងប្រទេស លើកលែងតែ​នៅទីក្រុង Isfahan និងទីក្រុង Tabriz នឹងធ្វើប្រតិបត្តិការនៅចន្លោះម៉ោង៥៖០០នាទីព្រឹក និងម៉ោង៦៖០០ល្ងាច។ បើតាម IRNA ជើងហោះហើរមកពីទីក្រុងទាំងនេះ នឹងចាប់ផ្តើមប្រតិបត្តិការសាជាថ្មីភ្លាមៗ នៅពេលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឡើងវិញ៕



Powered by Blogger.