ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ៖ គ្រឿងចក្រនឹងចូលជីក ដល់ទីតាំងព្រែកជីកហ្វូណនតេជោ នៅចុងឆ្នាំនេះ
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានលើកឡើងថា នៅខែធ្នូ ឆ្នាំ២០២៥ខាងមុខ គ្រឿងចក្រធំៗ ជាច្រើនគ្រឿង នឹងចាប់ផ្តើមចូលដល់ទីតាំងដើម្បីជីកព្រែកជីកហ្វូណនតេជោ នៅតាមទីតាំង ដែលបានដោះស្រាយផលប៉ះពាល់ ឲ្យប្រជាពលរដ្ឋរួចរាល់ ខណៈការបោះបង្គោលព្រំដី តាមបណ្តោយព្រែកបានធ្វើរួចនៅខេត្ត២ ។
គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ
ក្រុមការងារចុះពិនិត្យ ទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា
និងបោះបង្គោលព្រំដី តាមបណ្តោយ ព្រែកជីកហ្វូណនតេជោ បានបញ្ចប់ការងារ
សម្រាប់កំណាត់ទី១ក្នុងខេត្តកណ្តាល និងកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
និងតាកែវ ។
នាឱកាសដឹកនាំក្រុមការងារចុះផ្ទៀងផ្ទាត់និយាមកា
និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត-កែប
នាថ្ងៃ៣ កក្កដា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ
បានបន្តដំណើរតាមការគ្រោងទុក របស់រាជរដ្ឋាភិបាល ដែលបានប្រកាសថា
គម្រោងនេះនឹងសាងសង់ចប់ជាស្ថាពរនៅឆ្នាំ២០២៨ ដោយមិនមានភាពយឺតយ៉ាវនោះទេ
ខណៈបានត្រៀមគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីចូលទៅទីតាំងកំណត់សម្រាប់
ជីកព្រែកជីកហ្វូណនតេជោ ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលគូសបញ្ជាក់ថា
នៅពេលខាងមុខអាចជានៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ពោលនៅពេលទឹកស្រកចុះអស់គឺជាខែប្រាំង
ក្រុមការងារនឹងចាប់ផ្តើមអនុវត្តនូវគម្រោងជីកព្រែកជីកហ្វូណន
ដោយគ្រឿងចក្រចាប់ផ្តើមជីកធ្វើសកម្មភាព ។
ឯកឧត្តមបន្តថា “អីចឹងយើងសង្ឃឹមថា នៅរដូវប្រាំង ខែវិច្ឆិកា ឬខែធ្នូ ខាងមុខនេះ
យើងនឹងឃើញគ្រឿងចក្រធំៗជាច្រើនគ្រឿង នឹងចូលមកដល់ទីតាំង របស់យើង ហើយជាទីតាំងដែលយើង
បានដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋហើយ ។ យើងមិនយកគ្រឿងចក្រមកដាក់
នៅកន្លែងដែលមិនទាន់ដោះស្រាយ ផលប៉ះពាល់ជូនពលរដ្ឋនោះទេ” ។
សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍
ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១
ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ
និងផ្លូវសមុទ្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ
ឆ្លងកាត់តាមព្រែកពោធិ៍នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ
និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាលប្រវែង
៥៤ គីឡូម៉ែត្រ , ខេត្តតាកែវប្រវែង ៦០គីឡូម៉ែត្រ , ខេត្តកំពតប្រវែង ៤៣គីឡូម៉ែត្រ និងខេត្តកែបប្រវែង១៧,៥គីឡូម៉ែត្រ ។ គម្រោងព្រែកជីកនេះ នឹងប្រើប្រាស់ពេលវេលាសាងសង់៤៨ខែ
ហើយគ្រោងបញ្ចប់អំឡុងឆ្នាំ២០២៨ ដោយប្រើប្រាស់ថវិកាចំនួន១,៧ពាន់លានដុល្លារ
៕
Post a Comment