សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មាននយោបាយ និងជំហរអមិត្តជាមួយប្រទេសណាមួយឡើយ
ខេត្តកំពង់ឆ្នាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ត្រូវការបំផុត នូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយកម្ពុជា គ្មាននយោបាយ និងជំហរអមិត្ត ជាមួយប្រទេសជាតិណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារ ខុសច្បាប់ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ។
ក្នុងពិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានធ្វើការអប់រំ ហ្វឹកហ្វឺន និងបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈ កងរាជអាវុហត្ថ និងជំនាញយោធា ដូច្នេះកងរាជអាវុធហត្ថមានតួរនាទីយ៉ាងសំខាន់នៅក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ដែលជាខឿនការពារជាតិ និងឃឿនសន្តិសុខជាតិ ។
ជាមួយគ្នានេះ សម្តេចធិបតី ថ្លែងបញ្ជាក់ថា កិច្ចការពារជាតិ គឺអទិភាពមួយ ក្នុងចំណោមអទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាល តែងតែគិតគូ យកចិត្តទុកដាក់ ដើម្បីធានានូវសន្តិភាព ស្ថេភាព និងសន្តិសុខ និងលើកតម្កើន កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ទៅលើឆាកអន្តរជាតិ ។ ត្រង់ចំណុចនេះ សម្តេចធិបតី គូសបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់ទទួលរងការឈ្លានពានពីបរទេស សង្គ្រាមជាច្រើនទសវត្សន៍ និងអំពើប្រល័យពូជសាស៍ ត្រូវគេហ៊ុំព័ទនិងឯកកោរ ត្រូវគេប្រមាថមើលងាយ ពីអតីតកាល បច្ចុប្បន្ននេះ កម្ពុជា បានងើបឈរឡើងវិញ ភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេស ទាំងក្នុងតំបន់ និងពិភពលោក ។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “យើងត្រូវការបំផុត នូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ យើងគ្មាននយោបាយ និងជំហរអមិត្ត ជាមួយប្រទេសជាតិណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា” ។
បន្ថែមលើនេះ សម្តេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីភាពច្រំដែរនៃប្រវត្តិសាស្ត្រ ទោះបីជាកម្ពុជា មានសុចន្ទៈ នៅក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី រាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរ ម៉ឺងម៉ាត់ច្បាស់លាស់ ក្នុងការយកបញ្ហាប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅ ដោះស្រាយ នៅតុលាការអន្តរជាតិICJ ។ កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើន ណាស់ហើយ ដោយសារការឈ្លាន ពានដណ្តើមយកពីបរទេស ដូចនេះ កម្ពុជា ប្តូរផ្តាច់ការពារបូរណភាពទឹកដី បច្ចុប្បន្ន ដែលបន្សល់ទុកពីសម័យ អាណានិគមននិយម ឱ្យគង់វង្ស៕

Post a Comment