អ្នកនាំពាក្យក្រសួងការពារជាតិ៖ ប្រាសាទតាក្របី, តំបន់មុំបី និងប្រាសាទតាមាន់ធំ ត្រូវបានកងទ័ពកម្ពុជាកាន់កាប់ដោយជោគជ័យ ដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា
ភ្នំពេញ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ក្រោយការប្រយុទ្ធយ៉ាងស្វាហាប់មុះមុតរបស់វីរកងទ័ពកម្ពុជាជាមួយភាគីថៃ កងទ័ពកម្ពុជាបានកាន់កាប់ដោយជោគជ័យ ប្រាសាទតាក្របី តំបន់មុំបី និងប្រាសាទតាមាន់ធំ ដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា។
ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ
ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន
ជុំវិញហេតុការណ៍បាញ់ប្រហារគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ
ដែលសន្និសីទនេះរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោមការតស៊ូស្វិតស្វាញ រឹងមាំយ៉ាងស្វាហាប់របស់កងកម្លាំងប្រដាប់អាវុធកម្ពុជា
យើងដណ្តើមកាន់កាប់បាននូវប្រាសាទតាក្របី នៅម៉ោង៩៖៣០នាទី ១០០ភាគរយ
ទាញយកមកវិញនូវដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលជាម្ចាស់ប្រាសាទតាក្របី
ក្នុងនោះក៏មានតំបន់មុំបី ក៏បានច្បាមកាន់កាប់យកដោយជោគជ័យ
ដែលជាដែនអធិបតេយ្យរបស់យើងផងដែរ គិតមកដល់ម៉ោងនេះ យើងរក្សាប្រៀបឈ្នះ
និងឈរកាន់កាប់នៅទីនោះ។ ចំពោះប្រាសាទតាមាន់ធំ ដែលចាប់ផ្តើមនៃការផ្ទុះអាវុធក៏កម្ពុជា
នៅរក្សាកាន់កាប់ដដែលមិនមានការថយក្រោយសូម្បីតែមួយជំហានណាឡើយ»។
បើតាមលោកស្រី
ម៉ាលី សុជាតា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ
យោធាថៃបានបើកការវាយប្រហាររហូតដល់៨ទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ
និងយន្តហោះចម្បាំង F-16
ផងដែរ។ ទីតាំងទាំង៨នោះរួមមាន៖ ទី១ ប្រាសាទតាមាន់ធំ ទី២
ប្រាសាទតាក្របី ទី៣ តំបន់ភ្នំទ្រព្យ ទី៤ វាលឥន្ទ្រី ទី៥ តាថាវ ទី៦ ភ្នំខ្មោច ទី៧
អានសេះអូផ្កាស្នេហ៍ និងទី៨ មុំបី។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា
យោធាថៃមិនត្រឹមតែមានចេតនាវាយប្រហារលើទីតាំងយោធាកម្ពុជានោះទេ
ថែមទាំងបើកការវាយប្រហារដល់តំបន់ ដែលមានប្រជាជនស្លូតត្រង់ថែមទៀតផង
ដែលធ្វើឱ្យប្រជាជនបានជម្លៀសចេញពីផ្ទះសំបែង រកទីទួលសុវត្ថិភាព
រស់នៅជាមួយភាពភ័យខ្លាច និងតក់ស្លុត។
ដោយមើលឃើញអំពើសាហាវឃោរឃៅរបស់ភាគីថៃបែបនេះ
លោកស្រីបញ្ជាក់ថា ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសលើភាគីថៃ
និងបានស្នើដល់សហគមន៍អន្តរជាតិ ចូលរួមថ្កោលទោសឱ្យបានពេញទំហឹង
នូវអំពើឃ្លានពានដ៏កំរោលរបស់ភាគីថៃ។
សូមជម្រាបថា
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពាន
លើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ
ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង
០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី
ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ
កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា នៅតំបន់ប្រាសាទតាមាន់ធំ
និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច
និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី
រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន
០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ
ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ
និងខេត្តព្រះវិហារ។
បន្ទាប់មកនៅវេលាម៉ោង
០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា
គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ
និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕
Post a Comment