លោក ជុំ សុន្ទរី៖ កម្ពុជាបានជូនដំណឹងត្រឹមត្រូវទៅថៃ អំពីការទម្លាក់កម្រិតទំនាក់ទំនងនៅត្រឹមលេខាការទូតទី២ ខុសពីថៃដែលមិនបានជូនដំណឹងកម្ពុជា
ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាគ្មានជម្រើសអ្វី ក្រៅពីតបតចំពោះថៃ ធ្វើមកលើកម្ពុជានោះឡើយ ដោយកម្ពុជាបានជូនដំណឹងត្រឹមត្រូវទៅថៃ អំពីការទម្លាក់កម្រិតទំនាក់ទំនងនៅត្រឹមលេខាការទូតទី២ ខុសពីថៃ ដែលមិនបានជូនដំណឹងកម្ពុជាឡើយ។
លោកបានថ្លែងបែបនេះក្នុងឱកាស
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
ធ្វើសន្និសីទសារព័ត៌មានជុំវិញហេតុការណ៍ផ្ទុះអាវុធ នៅតំបន់ព្រំដែនកម្ពុជា-ថៃ
ខណៈថៃជាអ្នកបើកការបាញ់ប្រហារឈ្លានពានមុនមកលើកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា
ឆ្នាំ២០២៥។
សូមជម្រាបថា
ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដូចជាកាសែត The Nation នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយថា «ថៃបានសម្រេច ចិត្តទម្លាក់
កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជា
និងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក»។
ជាការឆ្លើយតប
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ
ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់
ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ
និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា។
ការប្រកាសបណ្តេញមន្រ្តីទូតថៃ
ធ្វើឡើងបន្ទាប់ពីភាគីថៃបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ
និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក
ក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់រឿងផ្ទុះមីន។
ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ
ត្រូវបានគេមើលឃើញថាជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើភាគីកម្ពុជា
ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។
ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងបានជ្រើសរើសយកការប្រឈមមុខដាក់គ្នាជំនួសវិញ។
លោក ជុំ សុន្ទរី
បានបញ្ជាក់យ៉ាងដូច្នេះ «ការប្រព្រឹត្តការអនុវត្តរបស់រដ្ឋាភិបាលថៃ
ក្នុងការទម្លាក់កម្រិតទំនាក់ទំនងទាំងពីរនេះ
ក៏មិនបានធ្វើឲ្យបានសមស្របទៅតាមទម្លាប់អនុវត្តជាអន្តរជាតិ
ដែលមានកំណត់នៅក្នុងសន្ធិសញ្ញាទីក្រុងវ្យែន ស្តីពីទំនាក់ទំនងការទូត។
ពោលគឺរដ្ឋាភិបាលថៃ បានធ្វើការប្រកាសជាសាធារណៈអំពីការទម្លាក់កម្រិតទំនាក់ទំនងការទូតនេះ
ក៏ប៉ុន្តែពុំបានជូនព័ត៌មានជាផ្លូវការតាមរយៈកំណត់ទូតមកក្រសួងការបរទេស […]
គោលដៅដែលគាត់ធ្វើក៏មិនមានអង្គហេតុ និងអង្គច្បាប់
ហើយរបៀបអនុវត្តក៏មិនស្របតាមគោលការណ៍អន្តរជាតិដែរ»។
លោកបានបន្តថា «ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា
ក៏បានសម្រេចទំនាក់ទំនងកម្រិតការទូតរវាងប្រទេសទាំងពីរ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២
[…]
យើងពុំមានជម្រើសអ្វីក្រៅពីឆ្លើយតបនូវអ្វីដែលរដ្ឋាភិបាលថៃបានប្រព្រឹត្តចំពោះយើងឡើយ
ក៏ប៉ុន្តែយើងបានជូនព័ត៌មាន ដែលត្រឹមត្រូវតាមរយៈកំណត់ទូតរបស់ក្រសួងការបរទេស
ទៅកាន់ភាគីថៃ»។
សូមជម្រាបដែរថា
សន្និសីទសារព័ត៌មាននេះ រៀបចំឡើងបន្ទាប់ពីមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ
ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន
នៅចំណុចប្រាសាទតាមាន់៕
Post a Comment