ឯកឧត្តម ប៉ែន បូណា៖ គ្រប់បញ្ហាទាំងអស់ដែលកើតឡើងចុងក្រោយនេះគឺថៃ ជាអ្នកបង្កឡើងទាំងអស់ ព្រោះចង់បានទឹកដីកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា គ្រប់បញ្ហាទាំងអស់ដែលកើតឡើងចុងក្រោយនេះគឺថៃ ជាអ្នកបង្កឡើងទាំងអស់ ក្រោមហេតុផលថៃ បង្កហេតុព្រោះចង់បានទឹកដីកម្ពុជា។

ការថ្លែងរបស់ឯកឧត្តម ប៉ែន បូណា បែបនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានជុំវិញហេតុការណ៍បាញ់ប្រហារគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ ខណៈថៃជាអ្នកបើកការបាញ់ប្រហារឈ្លានពានមុនមកលើកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ «គ្រប់បញ្ហាទាំងអស់ដែលកើតឡើងចុងក្រោយនេះរវាងកម្ពុជា និងថៃ ភាពតានតឹងទាំងឡាយគឺថៃ ជាអ្នកបង្កហេតុ។ សូមបងប្អូនចងចាំកន្លែងនេះ ហើយប្រជាពលរដ្ឋខ្មែរ ដូចជាសហគមន៍អន្តរជាតិបានដឹងច្បាស់ថា ថៃជាអ្នកបង្កហេតុឈ្លានពានទឹកដីកម្ពុជា ចង់បានទឹកដីកម្ពុជា ហើយរករឿងបង្កហេតុយើងរហូត។ ទម្លាក់កំហុសគ្រប់បែបយ៉ាង រឿងគ្រាប់មីន គាត់ដើរចូលដីកម្ពុជាយើង ផ្ទុះមីនរងរបួសអីផ្សេងៗគាត់មកចោទយើង ទាំងយើងបានពន្យល់ប្រាប់គាត់ហើយ»

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងខ្លាំងថា កម្ពុជាចង់បានសន្តិភាព ហើយកម្ពុជាគ្មានជម្រើសយោធាគឺជាជម្រើសចុងក្រោយបំផុតរបស់កម្ពុជា ដូច្នេះបញ្ហាកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ គឺកងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី ពីការរំលោភឈ្លានពានរបស់ថៃឡើយ។

សូមជម្រាបថាចាប់តាំងពីព្រឹកម៉ោងប្រមាណ០៦៖៣០នាទី, ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា ដោយពួកគេបានឡើងទៅលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ។ នៅវេលាម៉ោង០៧៖០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង០៨៖៣០នាទី ភាគីថៃបានធ្វើការបាញ់ជាច្រើនគ្រាប់ឡើងទៅលើក្នុងពេលដែលភាគីកម្ពុជានៅរក្សាភាពអត់ធ្មត់នៅឡើយ។ ប៉ុន្តែនាវេលាម៉ោង០៨៖៤៦ នៅពេលដែលកងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារដាក់ជាមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំនោះ ភាពអត់ធ្មត់របស់កម្ពុជា ក៏ទ្រាំលែងបាន។

នៅម៉ោង០៨៖៤៧នាទី កម្ពុជាបានបង្ខំចិត្តផ្ទុះអាវុធតបតបដើម្បីការការពារខ្លួន។ ការប្រយុទ្ធបានរាលដាលដល់ប្រាសាទតាក្របី, តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ដោយថៃ បានប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួនទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា៕



 

Powered by Blogger.