កម្ពុជានាំចេញទៅអាមេរិក សម្រេចបានទឹកប្រាក់ ៥ ៥២៦លានដុល្លារ កើនជាង ២៥% ក្នុងឆមាសទី១
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា ចាប់ពីខែកមរា ដល់ខែមិថុនា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា និងអាមេរិក សម្រេចបានទឹកប្រាក់ ៥ ៦៩១លានដុល្លារអាមេរិក កើនឡើងជាង២៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ មានត្រឹមតែ ៤ ៥២៩លានដុល្លារ។
របាយការណ៍បន្តថា រយៈពេល៦ខែកន្លងមកនេះ
កម្ពុជាបាននាំចេញទៅអាមេរិក សម្រេចបានទឹកប្រាក់ ៥ ៥២៦លានដុល្លារកើនជាង ២៥%
បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានទឹកប្រាក់ ៤ ៤០១លានដុល្លារ។
សម្រាប់ការនាំចូលពីអាមេរិកវិញ មានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើន ២៩%
បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានទឹកប្រាក់ជាង ១២៧លានដុល្លារ។
តួលេខនេះបង្ហាញថា
អាមរិកជាទីផ្សារនាំចេញផលិតផលកម្ពុជាច្រើនជាងគេស្មើនឹង៣៧% នៃការនាំចេញសរុប។
ការនាំចេញសរុបរបស់កម្ពុជា ក្នុងរយៈពេល៦ខែឆ្នាំ២០២៥ ដែលមានទឹកប្រាក់ជាង ១៤
៧២៥លានដុល្លារ។
មុខទំនិញដែលកម្ពុជា
នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ
(វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា
នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង
សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
តែយ៉ាងណា
បញ្ហាពន្ធថ្មីរបស់អាមេរិកលើទំនិញកម្ពុជា
បានបង្កក្តីបារម្ភចំពោះការនាំចេញទៅកាន់ទីផ្សារអាមេរិក។
កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥
ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក
បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ៤៩%
ដែលកម្រិតខ្ពស់មួយ។
បន្ទាប់ពីកម្ពុជា
បានធ្វើការចរចាជាបន្តបន្ទាប់រួចមក នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥
ប្រធានាធិបតីអាមេរិក ដូណាល់ត្រា តាមរយៈលិខិតផ្ញើ ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ពីការសម្រេចរបស់សហរដ្ឋអាមេរិក
ដោយទម្លាក់អត្រាពន្ធបដិកាលើកម្ពុជាពី ៤៩% មកនៅ ៣៦%។
ទោះបីអត្រាពន្ធនេះធ្លាក់ចុះគួរឱ្យគត់សម្គាល់ក្តី
កម្ពុជានៅរក្សាជំហរបន្តចរចាពន្ធបដិកាជាមួយអាមេរិកបន្ថែមទៀត
ដើម្បីទម្លាក់អត្រានេះឱ្យទាបជាង ៣៦%។ ការចរចាមានរយៈពេល មុនថ្ងៃទី១ ខែសីហា
ឆ្នាំ២០២៥។
នៅឆ្នាំ២០២៤ កម្ពុជា-អាមេរិក
សម្រេចបានទំហំពាណិជ្ជកម្ម ១០.១៨ពាន់លានដុល្លារ កើនឡើង១១.២%
ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ ៩.៩ពាន់លានដុល្លារ កើនឡើង ១១.៤%
ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤.១៤លានដុល្លារ៕
Post a Comment