សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណទឹកចិត្តមហាគ្រួសារខ្មែរ ដែលចូលរួមបរិច្ចាគឈាម

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ បានឲ្យដឹងអំពីលទ្ធផល នៃការបរិច្ចាគឈាមដែលទទួលបាន ចំនួន២,១១៧ប្លោក ខណៈនៅមានពលរដ្ឋជាច្រើនទៀតដែលបានចុះឈ្មោះរួច តែមិនទាន់បានបរិច្ចាគចំនួន៩,៣៣៦នាក់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់មហាគ្រួសារខ្មែរ ដែលបានចូលរួមបរិច្ចាគឈាមយ៉ាងច្រើន តាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីរាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០៥។

បើតាមការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រេីននេះ​ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌​ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព​ ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

«សូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ មហាគ្រួសារខ្មែរ​ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រេីន​ តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ កាលពីរាត្រីថ្ងៃទី២៤​ កក្កដា​ម្សិលមិញ​។

ជាលទ្ធផលនៃការបរិច្ចាគយេីងទទួលបានឈាមចំនួន​ ២,១១៧ប្លោក​។ ជាមួយគ្នានេះ​ ក៏មានបងប្អូន​ អ៊ំពូមីង​ តាយាយក៏បានអញ្ជេីញទៅដល់ទីតាំង​ ហេីយមិនទាន់បានបរិច្ចាគ​ និងបានចុះឈ្មោះតាម​ QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន​ ៩,៣៣៦នាក់។

ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រេីននេះ​ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌​ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព​ ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ»






 


Powered by Blogger.