ការិយាល័យកយកា ប្រចាំកម្ពុជា​រៀបចំកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ​សម្រាប់ជ័យលាភីអាហារូបករណ៍កយកា​ឆ្នាំ២០២៥ ដំណាក់កាលទី ១

ភ្នំពេញ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ សម្រាប់មន្រ្តីរាជការជនកម្ពុជាចំនួន៤នាក់ ដែលបានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពេញលេញ ក្នុងកម្មវិធីអាហារូបករណ៍កយកា-KOICAឆ្នាំ២០២៥ ដំណាក់កាលទី១។

 កម្មវិធីនេះមានសុន្ទរកថាស្វាគមន៍លើកទឹកចិត្ត ពីលោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ប្រចាំនៅប្រទេសកម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះជ័យលាភីអាហារូបករណ៍។ ក្នុងសុន្ទរកថា លោកស្រី ឆយ បានអបអរសាទរយ៉ាងស្មោះអស់ពីចិត្តចំពោះមន្ត្រីរដ្ឋាភិបាលកម្ពុជាចំនួនបួនរូប ដែលបានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតដែលផ្តល់មូលនិធិយ៉ាងពេញលេញក្រោមកម្មវិធីអាហារូបករណ៍របស់ កយកា-KOICA ឆ្នាំ២០២៥ដំណាក់កាលទី១ដោយលើកទឹកចិត្តជ័យលាភីអាហារូបករណ៍ទាំងអស់ ឲ្យថែរក្សាសុខភាពរបស់ពួកគេឲ្យបានល្អពេញមួយរយៈពេលបណ្តុះបណ្តាលរបស់ពួកគាត់នៅសាធារណរដ្ឋកូរ៉េ។ 

លោកស្រីបានសង្កត់ធ្ងន់ថា សាកលវិទ្យាល័យនីមួយៗ ដែលជ័យលាភីអាហារូបករណ៍នឹងទៅសិក្សានេះ គឺជាស្ថាប័នឈានមុខគេក្នុងវិស័យរបស់ខ្លួន ហើយបានសម្តែងក្តីសង្ឃឹមថា ជ័យលាភីអាហារូបករណ៍ នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគាត់ ដោយត្រលប់មកវិញជាមួយនឹងការយល់ដឹងប្រកបដោយអត្ថន័យ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្ររបស់ កយកា-KOICA លោកស្រីបានកត់សម្គាល់ថា ការសិក្សាមួយដែលបានធ្វើឡើងកាលពីឆ្នាំមុន បានដាក់មូលដ្ឋានគ្រឹះសម្រាប់ការគាំទ្រមន្ត្រីកម្ពុជាកាន់តែប្រសើរឡើង ដែលជាលទ្ធផលនៃការជ្រើសរើសយ៉ាងច្បាស់លាស់ និងយុទ្ធសាស្ត្រកំណត់គោលដៅដើម្បីពង្រីកឱកាសបណ្តុះបណ្តាលនៅប្រទេសកូរ៉េ។ លោកស្រី ឆយ បានបញ្ជាក់ថា ភាពជោគជ័យនេះគឺដោយសារតែការគាំទ្រ និងគំរូដ៏រឹងមាំដែលបានកំណត់ដោយអតីតនិស្សិតដែលការណែនាំរបស់ពួកគាត់ បានដើរតួនាទីយ៉ាងសំខាន់ ហើយបានអំពាវនាវឲ្យអតីតនិស្សិត បន្តចែករំលែកបទពិសោធន៍របស់ពួកគាត់ ដើម្បីជួយអ្នកផ្សេងទៀតឲ្យទទួលបានជោគជ័យ។

 ដោយមានបេសកកម្មក្នុងការគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅប្រទេសដៃគូ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) បានអញ្ជើញមន្ត្រីរាជការកម្ពុជា ដែលមានទេពកោសល្យ ឲ្យទទួលបានចំណេះដឹងជាមានប្រព័ន្ធ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាផ្នែកមួយនៃកម្មវិធី​ការកែលម្អសមត្ថភាព និងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(CIAT) ឬកម្មវិធីបណ្តុះបណ្តាល CIAT (Capacity Improvement & Advancement for Tomorrow) កម្មវិធីនេះមានគោលបំណងចែករំលែកបទពិសោធន៍ និងជំនាញអភិវឌ្ឍន៍របស់កូរ៉េ ដោយផ្តល់ឱកាសឱ្យមន្រ្តីរាជការបរទេស អាចទៅសិក្សា និងស្វែងយល់បន្ថែមទៀតក្នុងវិស័យដែលពួកគេចាប់អារម្មណ៍ នៅសាកលវិទ្យាល័យឈានមុខគេនៅកូរ៉េ។​ កម្មវិធីអាហារូបករណ៍កយកា-KOICA គឺជាកម្មវិធីដែទទួលបានមូលនិធិយ៉ាងពេញលេញ ដែលគាំទ្រដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ទៅកាន់ប្រទេសជាដៃគូ។ កម្មវិធីអាហារូបករណ៍នេះ បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ហើយមានគោលបំណងចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍរបស់កូរ៉េ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់តម្រូវការអភិវឌ្ឍ សម្រាប់រយៈពេលវែងរបស់ប្រទេសកម្ពុជា។

 សម្រាប់កម្មវិធីអាហារូបករណ៍កយកា-KOICA ឆ្នាំ២០២៥ ដំណាក់កាលទី១នេះ មានមន្ត្រីឆ្នើមចំនួន៤រូបនឹងចាប់ផ្តើមធ្វើដំណើរទៅសាធារណរដ្ឋកូរ៉េ នៅពេលឆាប់ៗនេះ ដើម្បីសិក្សាថ្នាក់អនុបណ្ឌិត ក្នុងវិស័យសំខាន់ៗចូលរួមជំរុញកំណើនកម្ពុជា៖

 1)-បេក្ខជន អ៊ីន រដ្ឋា (In Rotha) អនុប្រធានការិយាល័យ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ នឹងសិក្សាថ្នាក់អនុបណ្ឌិតក្នុងវិស័យគោលនយោបាយពាណិជ្ជកម្ម និងឧស្សាហកម្ម សម្រាប់កំណើនបង្កើតនវានុវត្តន៍ និងសមត្ថភាពធន់ សិក្សានៅសាលាអភិវឌ្ឍន៍កូរ៉េ (Korea Development Institute-KDI School)

2)-បេក្ខនារី ជី ពេជ្រឆារ៉ា (Chy Pich Chhara)អនុប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ នឹងសិក្សាថ្នាក់អនុបណ្ឌិតផ្នែក អភិវឌ្ឍន៍ទីក្រុង នៅសាកលវិទ្យាល័យសេអ៊ូល។

3)-បេក្ខនារី ពៅ ស្រីនិច (Paov Sreynith)គ្រូបង្រៀននៅសាលាបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា នឹងសិក្សាថ្នាក់អនុបណ្ឌិតដឹកនាំអប់រំកម្រិតសកល នៅសាកលវិទ្យាល័យអប់រំជាតិកូរ៉េ។

4)-បេក្ខជន សួស សុវណ្ណារិន (Suos Sovannarin)អនុប្រធានការិយាល័យ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងសិក្សាថ្នាក់អនុបណ្ឌិតដឹកនាំអប់រំកម្រិតសកល នៅសាកលវិទ្យាល័យអប់រំជាតិកូរ៉េ។

 ក្នុងអំឡុងពេលកម្មវិធីតម្រង់ទិសនេះ ការិយាល័យកយកា-KOICAប្រចាំនៅប្រទេសកម្ពុជា បានធ្វើបទបង្ហាញមានដូចជា៖ ទី១) គោលការណ៍ណែនាំអាហារូបករណ៍ KOICA ទី២) ព័ត៌មានជំនួយសម្រាប់ការរស់នៅប្រទេសកូរ៉េ និងទី៣) ក្រមសីលធម៌ស្តីពីសុចរិតភាព និងការយាយីផ្លូវភេទ។ ជ័យលាភីអាហារូបករណ៍ទាំងអស់ក៏បានទទួលឱកាសដ៏មានតម្លៃក្នុងការស្ដាប់បទពិសោធន៍ពីអតីតជ័យលាភីអាហារូបករណ៍ លោក សួន សុរិន្ទដា (Suon Sorinda)ដែលបានចែករំលែកបទពិសោធន៍អំពីការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍទីក្រុង និងតំបន់។

 ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) បន្តការប្តេជ្ញាចិត្តក្នុងការពង្រឹងធនធានមនុស្សរបស់កម្ពុជា ដោយបណ្តុះបណ្តាលអ្នកដឹកនាំអនាគត ដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍អន្តរជាតិ៕








 

Powered by Blogger.