អាជ្ញាធរខេត្តមណ្ឌលគិរី ស្នើសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ បន្តកិច្ចសហការគំាទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើន
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ នៅក្នុងវេទិកាថ្នាក់ខេត្ត ស្ដីពីកិច្ចសន្ទនាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្តមណ្ឌលគិរី ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅមូលដ្ឋានខេត្តមណ្ឌលគិរី នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការរៀបចំវេទិកានេះ ក្នុងគោលបំណងដើម្បីពង្រឹងសហប្រតិបត្តិការ បង្កើនភាពស៊ីសង្វាក់គ្នា និងសង្គតិភាពផ្លូវច្បាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ច រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគម សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល សហគមន៍នានា ដែលមានសកម្មភាពក្នុងរដ្ឋបាលដែនដី នៃខេត្តមណ្ឌលគិរី ក្នុងភាពជាដៃគូអភិវឌ្ឍន៍។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា នៅក្នុងខេត្តមណ្ឌលគិរី មានអង្គការ សមាគមជាច្រើន ដែលបានចូលរួមចូលរួមគាំទ្រនៅសកម្មភាពរបស់ខេត្ត និងមន្ទីរអង្គភាព ក្រុង-ស្រុក ឃុំ-សង្កាត់នានា ដូច្នេះ សូមស្នើដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងដៃគូអភិវឌ្ឍន៍នានា បន្តកិច្ចសហការគំាទ្រនិងចូលរួមដោយស្មោះសរជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សា ការការពារធនធានធម្មជាតិបរិស្ថាន និងការទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើនរុងរឿងបន្ថែមទៀត។ លោក បន្ថែមថា ភាពជាដៃគូ គឺសំដៅលើទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់រវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល ក្នុងការធ្វើសកម្មភាពអ្វីមួយសម្រាប់បម្រើផលប្រយោជន៍សង្គម។ ជារួមការអនុវត្តការងារក្នុងលក្ខណៈភាពជាដៃគូ អាចទទួលជោគជ័យបាន លុះត្រាតែភាគីជាដៃគូឧស្សាហ៍ទាក់ទងគ្នាក្នុងការដោះស្រាយបញ្ហាអ្វីមួយជាមួយគ្នាដោយភាពស្មោះត្រង់ និងឥតលាក់លៀមរវាងគ្នា។
លោក បានឲ្យដឹងទៀតថា សមាគម សង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នៅក្នុងខេត្តមណ្ឌលគិរី តាមរយៈការចុះស្រង់ស្ថិតិ របស់រដ្ឋបាលខេត្ត គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សមាគម អង្គការមិនមែនរដ្ឋាភិបាលបានចុះបញ្ជីផ្លូវច្បាប់នៅក្រសួងមហាផ្ទៃ និងកំពុងមានធ្វើសកម្មភាពក្នុងខេត្តមណ្ឌលគិរី សរុបមានចំនួន ៣៥សមាគម និងអង្គការដែលជាដៃគូអភិវឌ្ឍន៍ផ្តោតលើវិស័យសំខាន់ៗដូចជា ១.វិស័យសិទ្ធិមនុស្ស សិទ្ធិដីធ្លី ២.វិស័យសុខាភិបាល ៣.វិស័យអប់រំ និងវប្បធម៌ ៤.វិស័យអភិរក្សជីវចម្រុះ និងអេកូទេសចរណ៍ ៥.វិស័យអភិរក្សធនធានធម្មជាតិ និងបរិស្ថាន និង៦.វិស័យកសិកម្មដាំបន្លែ និងចិញ្ចឹមសត្វ៕
Post a Comment