សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពយុវតី ឡាំ ស្រីម៉ៅ
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដឹកនាំដោយលោក ខាត់ សាម៉ាល់ លេខាធិការគណៈកម្មាធិការសាខា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពយុវតី ឡាំ ស្រីម៉ៅ សមាជិកយុវជនកាកបាទក្រហមនៃវិទ្យាល័យលំផាត់ ដែលត្រូវបានគេរំលោភហើយសម្លាប់យ៉ាងអាណោចអាធម្ម នៅមាត់អូរក្រោយផ្ទះ ស្ថិតនៅភូមិដីឡូតិ៍ ឃុំ ជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ស្ថិតក្នុងឱកាសនោះដែរ លោក ខាត់ សាម៉ាល់ បានពាំនាំប្រសាសន៍ ចូលរួមរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា ដោយក្តីរន្ធត់ និងសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពយុវតី ឡាំ ស្រីម៉ៅ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះជំនួសមុខថ្នាក់ដឹកនាំ លោកខាត់ សាម៉ាល់ បានអំពាវនាវដល់សមត្ថកិច្ចជំនាញវែកមុខរកឧក្រិដ្ឋជន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
សម្ភារថវិកាចូលរួមបុណ្យសពរួមមាន៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាថវិកា ចំនួន៥លានរៀល ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា ថវិកា៥០ម៉ឺនរៀល ព្រមទាំងសប្បុរសជនជា គណៈកិត្តិយសសាខា សមាជិកសមាជិកា គណៈកម្មាធិការសាខាចូលរួមសរុបចំនួន ៦៥ម៉ឺនរៀល និងគ្រឿងបរិភោគសាខាមាន អង្ករ ៥០ គីឡូក្រាម ត្រីខ ២យួរ មី ២កេស ទឹកក្រូច ១កេស ទឹកបរិសុទ្ធ ១កេស។
តាមការបញ្ជាក់របស់សាច់ញាតិ ជនរងគ្រោះសព្វថ្ងៃរស់នៅជាមួយពូ ដោយមុនពេលកើតហេតុពូបានទៅមន្ទីរពេទ្យដើម្បីពិនិត្យជំងឺ តាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយជនរងគ្រោះនៅតែម្នាក់ឯង មុនពេលបាត់ខ្លួននៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ទើបប្រទះឃើញសាកសពដេកស្លាប់នៅអូរក្រោយផ្ទះចម្ងាយប្រហែល៥០ម៉ែត្រពីផ្ទះ៕
Post a Comment