បង្ក្រាបការឆបោកតាមអនឡាញ ឃាត់ខ្លួនជនបរទេស ៣១២នាក់ នៅស្រុកស្នួល ខេត្តក្រចេះ

អត្ថបទ : ជឹម ទូច

ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ បានដឹកនាំកម្លាំងចម្រុះ ស្នងការ​ដ្ឋាន​នគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងកាស៊ីណូ ហេងហេង ១ ដោយសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ ដែលមានទីតាំងនៅក្នុងអគារ A,B,C នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ច បានរកឃើញជនជាតិបរទេសដូចជា វៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន ៣១២ នាក់ ក្នុងនោះមានស្ត្រី ចំនួន ៥៦ នាក់។ ក្រុមសមត្ថកិច្ចក៏បានប្រមូលសម្ភារៈជាវត្ថុតាងរួមមាន៖ កំព្យូទ័រ ចំនួន ៣២៩ គ្រឿង ទូរសព្ទដៃ ១,៦៣០ គ្រឿង ផងដែរ ។ 

បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕







Powered by Blogger.