ប្រមុខការទូតអាមេរិក បញ្ជាក់ថាក្រុមមន្ត្រីអាមេរិកកំពុងស្ថិតនៅម៉ាឡេស៊ី ដើម្បីជួយដល់កិច្ចចរចាកម្ពុជា-ថៃ
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាក្រុមមន្ត្រីមកពីក្រសួងការបរទេសអាមេរិកកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជួយ ដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ខណៈកម្ពុជា និងថៃ គ្រោងចាប់ផ្ដើមកិច្ចចរចានៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ជាមួយក្ដីរំពឹងថានឹងសម្រេចបានបទឈប់បាញ់។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសអាមេរិក
កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) លោក Rubio បានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ
និងរូបលោកផ្ទាល់កំពុងទំនាក់ទំនងជាមួយសមភាគីកម្ពុជា និងថៃ
ហើយកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។ «យើងចង់ ឱ្យជម្លោះនេះបិទបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
នេះជាការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិកដោយបន្ថែមថាក្រុមមន្ត្រីអាមេរិកកំពុងស្ថិតក្នុងប្រទេស
ម៉ាឡេស៊ី ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព។
សូមជម្រាបថា
មេដឹកនាំកម្ពុជា និងថៃ គ្រោងនឹងចូលរួមក្នុងកិច្ចចរចាមួយសម្របសម្រួលដោយម៉ាឡេស៊ី
នៅថ្ងៃចន្ទនេះ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២ បើកកិច្ចសន្ទនា
តាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕

Post a Comment