រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ប្រចាំឆមាសទី១

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចាត់តាំងអនុវត្ត គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្ត ឆមាសទី២ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើងនៅសាលប្រជុំអគារD សាលាខេត្ត ក្រោមអធិបតីភាពឯកឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យជំរុញអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ (ក្រុមទី១៩) និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមផងដែរ ពីអភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។ 

គោលបំណងនៃកិច្ចប្រជុំនេះដើម្បីពិនិត្យ តាមដាន វាយតម្លៃ និងដាក់ទិសដៅក្នុងការអនុវត្តលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថភាព សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៥០។


ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ក្នុងឆមាសទី១ឆ្នាំ២០២៥នេះក្នុងខេត្តមានបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ២៣លើក ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ កើនឡើង ៨លើក (បទមជ្ឈឹម ២១លើក)។ ករណីខាងលើនេះ បណ្តាលឱ្យស្លាប់មនុស្ស ១នាក់ របួសធ្ងន់ ១១នាក់ របួសស្រាល ៦នាក់ បាត់បង់ម៉ូតូ ២គ្រឿង។ កម្លាំងជំនាញបានខិតខំស្រាវជ្រាវបង្ក្រាបបាន ២២លើក ឃាត់ខ្លួន ៣៣មុខ សញ្ញានិងអនុវត្តដីការ ១លើក ឃាត់ខ្លួន ១នាក់ ដកហូតវត្ថុតាងអាវុធវែង ១ដើម អាវុធវែងកែច្នៃ ១ដើមម៉ូតូ ៩គ្រឿង រួមនឹងសម្ភារៈមួយចំនួនទៀត កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។ 

បង្ក្រាបបទល្មើសគ្រឿងញៀនកើតឡើង ចំនួន ៤៣លើក ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ កើនឡើង១៧លើក ឃាត់ខ្លួនជនសង្ស័យ ៩៣នាក់ ស្រី ៤នាក់ ដកហូតថ្នាំញៀនម៉ាទឹកកក ១៧៣ថង់ ទម្ងន់ (៦៤០.៣៤g) WY ៩៩គ្រាប់ (ទម្ងន់) ៩,៧៣១ ម៉ូតូ ៣៩គ្រឿង. ទូរស័ព្ទ ៦៧គ្រឿង កាំភ្លើងកែច្នៃ ៣ដើមលោហធាតុពណ៌ លឿង ១ខ្សែ លុយខ្មែរ ២.៧៦០.០០០រៀល រួមនឹងសម្ភារៈមួយចំនួនទៀត កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត។ បានបើកករណីសម្អាតប្រាក់ចំនួន ១២ករណី ។ បង្ក្រាបល្បែងស៊ីសង ចំនួន ៤លើក ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ស្មើគ្នា ឃាត់ ខ្លួនជនសង្ស័យ ១៨នាក់ (អនុវត្តវិធានការច្បាប់បញ្ជូនទៅតុលាកា ១លើក មនុស្ស ៨នាក់ ធ្វើការអប់រំ ៣លើក មនុស្ស ១០នាក់)។ គ្រោះថ្នាក់កើតឡើង ៣៤លើក ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ កើនឡើង ១១លើក បណ្តាលអោយស្លាប់មនុស្ស ២៩នាក់ របួសធ្ងន់-ស្រាល ៥៣នាក់ ខូចខាតរថយន្ត ១៤គ្រឿង ម៉ូតូ ៤២គ្រឿង គោយន្ត កែច្នៃ ៤គ្រឿង គ្រោះថ្នាក់ទាំងនេះបាន សម្របសម្រួលដោះស្រាយ ១៧លើកបញ្ជូនសំណុំរឿងទៅតុលាការ ១១លើកនៅសល់មិនទាន់ដោះស្រាយ ២លើក។

បទល្មើសពាក់ព័ន្ធការជួញដូរមនុស្ស កើតឡើង ១៤លើក ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៤កើនឡើង៤លើក ក្នុងនោះករណីរំលោភសេពសន្ថវៈ ចំនួន ៨លើក, ករណីហិង្សា ក្នុងគ្រួសារ ចំនួន ៣លើក, ករណីរួមភេទជាមួយអនីតិជន ចំនួន ២លើក, ករណីផលិតនិងចែកចាយ វីដេអូអាសអាភាសនៃកុមារចំនួន ១លើក។ លទ្ធផល កម្លាំងបង្ក្រាបបាន ១៣លើក ឃាត់ខ្លួន ១៨នាក់។

ឯកឧត្តម អភិបាលខេត្តបន្តថា តាមរយៈនៃការកើននូវបទល្មើសនេះ រដ្ឋបាលខេត្តនឹងបង្កើនការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ នឹងបន្តប្ដេជ្ញាប្រយុទ្ធប្រឆាំងជាមួយនឹងបទល្មើសគ្រប់ប្រភេទដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសនានា។

ជាងនេះទៅទៀតនោះ រដ្ឋបាលខេត្តរតនគិរី នឹងខិតខំធ្វើឱ្យខេត្តមានសន្តិសុខ សុវត្ថិភាព សម្រាប់ការរស់នៅបានសុខស្រួល ទាក់ទាញការវិនិយោគ និងទេសចរណ៍ ស្របតាមចក្ខុវិស័យ របស់ក្រសួងមហាផ្ទៃ គឺរដ្ឋបាលដែនដីនៅគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន កើតចេញពីប្រជាជន បម្រើសេវា និងផលប្រយោជន៍ជូនប្រជាជន តាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ពង្រឹងការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ សំដៅធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។


ឯកឧត្តម ប៉ាវ ហមផាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែលបានខិតខំ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទកៈ។

ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។

ឯកឧត្តម ក៏បានជំរុញដល់ រដ្ឋបាលខេត្តរតនគិរីត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា៕










Powered by Blogger.