អាជ្ញាធរខេត្តឧត្តរមានជ័យ៖ មកដល់ព្រឹកនេះ មានជនស៉ីវិលស្លូតត្រង់១នាក់បានស្លាប់ និង៥នាក់រងរបួសដោយសារគ្រាប់បែកឈ្លានពានរបស់ថៃ

ខេត្តឧត្តរមានជ័យ៖ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ឱ្យដឹងថា គិតមដល់ពេលនេះ យ៉ាងហោចណាស់មានជនស៊ីវិលស្លូតត្រង់ក្នុងខេត្តឧត្តរមានជ័យ ម្នាក់បានស្លាប់ និង៥នាក់ទៀតរងរបួស ដោយសារគ្រាប់កាំភ្លើងធំរបស់ទាហានឈ្លានពានថៃ។

លោកបញ្ជាក់ថា ជនស៊ីវិលស្លូតត្រង់ម្នាក់ដែលស្លាប់នោះ គឺជាអាចារ្យវត្តតាមាន់សែនជ័យ ដែលរងការទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំងរបស់ថៃ ខណៈព្រះសង្ឃ និងពលរដ្ឋមួយចំនួន បាននិមន្ត និងធ្វើដំណើរទាំងយប់ ដើម្បីស្វែងរកកន្លែងសុវត្ថិភាព នៅខេត្តសៀមរាប បន្ទាប់ពីវត្តប្រាសាទតាមាន់សែនជ័យ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ត្រូវបានយន្តហោះចម្បាំងថៃទម្លាក់គ្រាប់ចំនួនបីគ្រាប់ធ្វើឱ្យខ្ទេចខ្ទីអស់ កាលពីថ្ងៃទី២៤ ខែកក្កដាម្សិលមិញ។

ក្រៅពីនេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើន ត្រូវបានបំផ្លាញ និងពលរដ្ឋស្លូតត្រង់រាប់ពាន់គ្រួសារត្រូវបានជម្លៀសចេញពីផ្ទះ ទៅទីសុវត្ថិភាព គេចពីគ្រាប់កាំភ្លើងផ្លោងរបស់ថៃ៕



 

Powered by Blogger.