សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តមបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកជំទាវអគ្គលេខាធិការអាយប៉ា (AIPA)
ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តមបានទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនៈភាពវិស័យអប់រំនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងបានអញ្ជើញទស្សនា បណ្ណាល័យឌីជីថល បន្ទប់ Lab ផ្នែកស្ថាបត្យកម្ម អាកាសចរស៊ីវិល និងបន្ទប់ Studio ផ្នែក IT ថ្នាក់រៀន បន្ទប់មហាវិទ្យាល័យ រួមទាំងអគារស្នាក់នៅនិស្សិត ផងដែរ។
ជាមួយគ្នានោះ លោកជំទាវអគ្គលេខាធិការ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណ ២,៣០០នាក់ ដោយក្នុងនោះចូលរួមដោយផ្ទាល់នៅ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ជាង ១,១០០នាក់ និងចូលរួមតាមប្រព័ន្ធZoom នៅទីតាំងទី១ (ទួលស្លែង) ជាង ១,២០០នាក់។
នៅក្នុងជំនួបជាមួយនិស្សិត លោកជំទាវអគ្គលេខាធិការ និងក្រុមការងារលេខាធិការដ្ឋានអាយប៉ា ក៏បានធ្វើបទបង្ហាញអំពីកម្មវិធី “AIPA Roadshow លើកទី១៨ - The 18th AIPA Roadshow” ដើម្បីផ្សព្វផ្សាយដល់ស្រទាប់យុវជន ឱ្យបានស្គាល់ និងយល់ដឹងអំពីតួនាទីរបស់សភាជាសមាជិក AIPA និងតួនាទីរបស់សភាកម្ពុជាក្នុង AIPA ក៏ដូចជា ផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានារបស់ AIPA ដែលសម្រេចបាននាពេលកន្លងមក។ ទន្ទឹមគ្នានោះ លោកជំទាវអគ្គលេខាធិការ កោតសរសើរ និងថ្លែងអំណរគុណនូវគំនិតផ្តួចផ្តើមរបស់សភាកម្ពុជាស្តីពី ការបង្កើតបណ្ណាល័យច្បាប់ឌីជីថល (AIPA Lync - Digital Law Library) ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាផង និងអាស៊ានផង។ លោកជំទាវបានបន្តថា AIPA LYNC ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដោយមានឯកសារច្បាប់ពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដែលមានអ្នកចូលប្រើប្រាស់រហូតដល់ជិត ៣សែននាក់ រួចហើយនាពេលបច្ចុប្បន្ន។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានថ្លែងអំណរគុណ លោកជំទាវអគ្គលេខាធិការ និងក្រុមការងារលេខាធិការដ្ឋានអាយប៉ាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញមកទស្សនកិច្ច និងផ្តល់ឱកាសជូននិស្សិតប៊ែលធី បានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពី អន្តរសភាអាស៊ាន (AIPA) តាមរយៈបទបង្ហាញ និងវេទិកាជជែកពិភាក្សាដ៏មានសារៈសំខាន់នាព្រឹកនេះ។
បន្ទាប់ពី ទស្សនកិច្ច និងសំណេះសំណាលជាមួយនិស្សិតប៊ែលធី រួចមក លោកជំទាវអគ្គលេខាធិការ ក៏បានបន្តអញ្ជើញទៅទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់អំពីវិស័យទេសចរណ៍ ការរីកចម្រើនរបស់ខេត្ត និងទស្សនាសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាផងដែរ៕
Post a Comment